នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បានអញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
កម្មវិធីដ៏ធំនេះ គេឃើញមានវត្តមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ពុង ឃាវសែ, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា តេង ហឿង, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា លី ប៉ោយូ, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា ចាន់ សុទ្ធា, អ្នកឧកញ៉ា ភូ វាសនា, អ្នកឧកញ៉ា សុខ ស្រស់, ឧកញ៉ា សំ សុខនឿន, ឧកញ៉ា អ៉ឹង គីមហុង, ឧកញ៉ា ហួត ឈឿន ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា ជាអ្នកជំនួញលេចធ្លោរក្នុងវិស័យឯកជន ជាច្រើនរូបទៀត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសរបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាការបង្ហាញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លា ក្នុងការរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ក្នុងន័យនេះ ការបង្កើតឱ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា គឺមានគោលបំណងក្នុងការប្រមូលផ្ដុំនូវសមាសភាពសមាគមនីមួយៗរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេសដើម្បីចូលមកបណ្ដាក់ទុន ក្នុងប្រទេសកម្ពុជាជាអតិបរមា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសកម្មភាពវិជ្ជមានមួយជួយដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ព្រោះថាកំណើននៃការវិនិយោគ និងការធ្វើពាណិជ្ជកម្ម នឹងជួយបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់ជូនដល់ប្រជាជន ព្រមទាំងជំរុញការនាំចូលមកនូវជំនាញ និងបច្ចេកវិទ្យាថ្មីៗបន្ថែម។
កត្តាខាងលើទាំងអស់នេះ សុទ្ធសឹងតែស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា មានបាវចនា ចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»៕