ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់បញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពីអ្នកឧកញ៉ា ហ៊ី គឹមហុង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៤១។
អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពិភពដីមាស អ៊ិមវេសម៉ិន ឯ.ក (Piphup Deimeas Investment Co.,Ltd.) បានជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការសាលាដំបូង ក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា និងអង្គរក្សជាង ១០រូប ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងឃាត់ខ្លួន នៅកន្លែងស្នាក់ការរបស់ខ្លួនស្ថិតក្នុងខណ្ឌព្រែកព្នៅ ដោយសមត្ថកិច្ចបញ្ជាក់ថា ពួកគេបានធ្វើសកម្មភាព រារាំង និងបង្ករសង្សាមកលើសមត្ថកិច្ចពេលកំពុងចុះអនុវត្តដីកា របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកឧកញ៉ា ហ៊ី គឹមហុង ទទួលបានគោរមងារ «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ អ្នកជំនួញអចលនទ្រព្យ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ពិភពដីមាស អ៉ិនវេសម៉ិន ឯ.ក រូបនេះ ទទួលបានគោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩៕