ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (ស.ស.យ.ក.ស.អ) បានដឹកនាំរៀបចំកម្មវិធីសន្និបាតលើកទី១ និងលើកទិសដៅសម្រាប់ឆ្នាំទី២ និងឆ្នាំទី៣ របស់សមាគម ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON Riverside។
កម្មវិធីសន្និបាតលើកទី១ និងជាឆ្នាំដំបូងនេះ មានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ។
ជាកិច្ចចាប់ផ្តើម ឧកញ៉ា ហុង ឆេងឈុន បានជម្រាបជូនអំពីប្រវត្តិនៃការកកើត ស.ស.យ.ក.ស.អ ឱ្យដឹងថា សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បើកដំណើរការជាផ្លូវការ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ តាមរយៈសេចក្តីប្រកាសលេខ ២៦៥៥ ប្រ.ក ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ចេញពីក្រសួងមហាផ្ទៃ។ ស្ថាបនិកសំខាន់ៗមានប្រមាណ ១០រូប ដែលប្រមូលផ្តុំគ្នាជាធ្លុងមួយ ដើម្បីបង្កើតឱ្យចេញជារូបរាង្គឡើងក្នុងបរិបទកម្ពុជា នាយុគសម័យឌីជីថល។
ជាមួយគ្នានោះ ក៏មានសហគ្រិនចូលរួមមួយចំនួនទៀតប្រមាណជាង ២០ក្រុមហ៊ុន និងបានចូលរួមប្រជុំជាមួយគ្នាជាច្រើនខែ ដើម្បីបញ្ចូលធាតុផ្សំជាស្មារតី និងគំនិតល្អៗជាមួយទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។
លោកឧកញ៉ា បានបន្តថា សមាគមនេះបង្កើតឡើងក្នុងគោលដៅ ដើម្បីចង់បង្ហាញឆន្ទៈរួមគ្នារបស់យុវជនជំនាន់ក្រោយ ដែលជាធុរកិច្ចជនរបស់កម្ពុជា ហើយសុទ្ធតែជាម្ចាស់ក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ដើម្បីចូលរួមសហការ និងគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពង្រីកនិងពង្រឹង បង្រួបបង្រួម ការទំនាក់ទំនង សាមគ្គីភាព ស្វែងរកនូវភាពរីកចម្រើន ពង្រឹងវប្បធម៌សាមគ្គីភាព ឯកភាពគ្នាក្នុងស្មារតីជួយគ្នាទៅវិញទៅមក រវាងសហគ្រិនអជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពសុខដុម។
ទទឹមនឹងនោះ សមាគមមានចក្ខុវិស័យធំៗចំនួន ៣ គឺ៖
១. ស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ៖ ដើម្បីកៀរគរអ្នកវិនិយោគពីក្រៅប្រទេស មកបណ្តាក់ទុននៅកម្ពុជាដោយទំនុកចិត្ត និងភាពជឿជាក់។
២. ការផ្តល់ឱកាស៖ ផ្តល់ឱកាសក្នុងការសហការជូនដល់សហគ្រិនកម្ពុជា ឱ្យមានឱកាសកសាងភាពជាដៃគូជាមួយអ្នកវិនិយោគមកពីក្រៅប្រទេស។
៣. ចូលរួមលើកស្ទួយជីវភាព និងផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើថា សមាគមត្រូវចូលរួមផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់កម្ពុជា ជាពិសេសត្រូវទូងស្គរផ្សព្វផ្សាយអំពីកំណែទម្រង់និងវឌ្ឍនភាពថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជ្រួតជ្រាបច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពនៅកម្ពុជា។
សូមជម្រាបជូនថា កម្មវិធីខាងលើនេះ ក្រៅពីលើកឡើងពីប្រវត្តិ គោលដៅ និងចក្ខុវិស័យ របស់សមាគមរួចហើយ លោកឧកញ៉ា ហុង ឆេងឈុន ក៏បានអានរបាយការណ៍អំពីបេសកកម្ម និងសកម្មភាព រយៈពេល១ឆ្នាំរបស់សមាគមកន្លងមកនេះ ព្រមទាំងមានការពិសារអាហារសាមគ្គីរួមគ្នាផងដែរ៕