កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារ សម្រាប់គម្រោងដំណាក់កាលទី១ នឹងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាម ស៊ីស៊ីថាមស៍។

អ្នកឧកញ៉ា វិញ ហួរ ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសកំពត និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) បានឱ្យដឹងថា បន្ទាប់ពីការសាងសង់បញ្ចប់ជាស្ថាពរ កំពង់ផែអន្តរជាតិកំពតមានសមត្ថភាពអាចទទួលនាវាធំៗអាចផ្ទុកទំនិញដល់ ២០,០០០តោន។ កំពង់ផែអន្តរជាតិកំពត ជាកំពង់ផែទឹកជ្រៅទី២ របស់កម្ពុជា ដែលមានជម្រៅ១៣ម៉ែត្រ។ ការបង្កើតកំពង់ផែទឹកជ្រៅមួយនេះ គឺក្នុងគោលបំណងដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវវិស័យពាណិជ្ជកម្ម ការផ្តោះប្តូរទំនិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាទាំងមូល។

គួររំឭកថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ អ្នកឧកញ៉ា វិញ ហួរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយរវាង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូ ក្រុមហ៊ុនកំពតផត ដោយមានការចូលរួមផងដែរពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាគ្នាអំពីគម្រោងសម្ពោធកំពង់ផែអន្តរជាតិកំពតនេះ។


កិច្ចប្រជុំនោះបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត របស់ក្រុមហ៊ុនកំពតផត។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា វិញ ហួរ បានគោរពស្នើសុំអនុសាសន៍ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួង សំដៅឱ្យការរៀបចំគម្រោងប្រតិបត្តិការកំពង់ផែ អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមនីតិវិធី និងបទដ្ឋានគតិយុត្តដែលបានកំណត់។

អ្នកឧកញ៉ា វិញ ហួរ ធ្លាប់បានបញ្ជាក់ប្រាប់ ឧកញ៉ាញូស៍ ឱ្យដឹងថា កំពង់ផែអន្តរជាតិកំពត មានទីតាំងស្ថិតក្នុងសង្កាត់បឹងទូក និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត គឺជាកំពង់ផែមួយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។
គម្រោងកំពង់ផែទឹកជ្រៅមួយនេះ អ្នកឧកញ៉ា វិញ ហួរ បានចុះសិក្សាតាំងពីឆ្នាំ២០១០ និងបានបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ចាប់តាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ សម្រាប់ដំណាក់កាលទី១ ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានចំណាយទឹកប្រាក់អស់ប្រមាណ ១៤០លានដុល្លារ ខណៈដែលនាពេលខាងមុខ នឹងបន្តសាងសង់ដំណាក់កាលជាបន្តបន្ទាប់ថែមទៀត៕