អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងត្រូវដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-កូរ៉េ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិកូរ៉េ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-កូរ៉េ និង ពង្រឹងភាពជាដៃគូនៃប្រទេសទាំងពីរ។ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចនៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យា (Pangyo Techno Valley) សារមន្ទីរនវានុវត្តន៍សាមសុង (Samsung Innovation Museum) រោងចក្រចម្រាញ់ជីវថាមពលពីសំបកគ្រាប់ស្វាយចន្ទី និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ក្រៅពីនេះសភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំរុញកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ៕