លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គ្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា។
យោងតាមសារលិខិតនេះ សមាគមឧកញ៉ាកម្ពុជា បានទូលថ្វាយថា៖
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រសើរក្រៃលែងនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាង នាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសមាគមឧកញ៉ាកម្ពុជា សូម ព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តប្រកបដោយមនោសញ្ចេតនាស្វាមីភ័ក្តិ ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរ ជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយព្រះ រាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសបវរមហាប្រសើរនេះ ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងការបំពេញព្រះរាជកិច្ច បម្រើឧត្តមប្រយោជន៍ជាតិ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយទសពិធរាជ ធម៌ និងព្រះរាជហឬទ័យយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងភាពសុខក្សេមក្សាន្តចម្រុងចម្រើនរបស់ប្រជានុរាស្ត្រខ្មែរ។
ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និង វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បាទសម្តេចព្រះ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបា នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាម ថែរក្សាប្រោះព្រំនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយ វាយព្រះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ចប្រកបដោយគារវភក្តិដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា៕