លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ដែលតំណាងឱ្យសមាគមឧកញ៉ាកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ( គ.ព.វ.គ ) ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន គ.ព.វ.គ។

របៀបវារៈនៃកិច្ចប្រជុំនេះមានពីរសំខាន់គឺ៖ ទី១)បញ្ចប់សេចក្តីព្រៀងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា និង ទី២)ការពិនិត្យសំណើសុំបញ្ចប់គោរមងារឧកញ៉ា ចំនួន៤រូប។
ឯកឧត្តម វង្សី វិស្សុត ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំលើកទី៤ ដើម្បីបន្ថែម និងបញ្ចប់ចំណុចដែលនៅសេសសល់នៃមាត្រាមួយចំនួននៃអនុក្រឹត្យខាងលើ។ អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងឯកភាពលើចំណុចបន្ថែមនានា ស្របតាមស្មារតីនៃអង្គប្រជុំ ដោយបានពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ទៅលើគ្រប់ទិដ្ឋភាពក្នុងនោះមានទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្តែងនៃគោរមវន្ត ជាពិសេសស្របតាមខ្លឹមសារ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។
នេះគឺជាលទ្ធផលថ្មីមួយទៀតដ៏ត្រចះត្រចង់សម្រាប់សមាគមឧកញ៉ាកម្ពុជាក្នុងឆ្នាំ២០២៤ ដែលជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសស្រាក់ស្រាំ និងតស៊ូយ៉ាងស្វិតស្វាញ ដើម្បីការពារផលប្រយោជន៍ និងអត្ថប្រយោជន៍រួមរបស់សមាជិក ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
ជោគជ័យនៅថ្ងៃនេះ គឺបានបង្ហាញពីចក្ខុវិស័យ និងបេសកកម្ម ច្បាស់លាស់របស់សមាគមឧកញ៉ាកម្ពុជា ក្រោមការដឹកនាំរបស់ លោកអ្នកឧកញ៉ាប្រធាន លី យ៉ុងផាត់ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលទាំង៣២រូប ក្នុងអាណត្តិទី១នេះ ក្នុងការការពារផលប្រយោជន៍រួម និងបង្កើតឱ្យមានសាមគ្គីភាពនៃមហាគ្រួសារឧកញ៉ាកម្ពុជា។
សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងកាត់ការប្រជុំពិភាក្សា ក្នុងក្របខណ្ឌ គ.ព.វ.គ បានចំនួន៤លើករួចហើយ ដែលនៅថ្ងៃទីនេះគឺជាលើកទី៥ និងជាលើកចុងក្រោយដើម្បីបន្ថែម និងបញ្ចប់ទាំងស្រុងនូវចំណុចដែលសេសសល់ពីកិច្ចប្រជុំលើកមុន៕








