អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន (ING Foundation) និងលោកជំទាវ ហេង សុខា និងក្រុមគ្រួសារ កាលព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានប្រគល់នូវម៉ាស៊ីនភ្លើងកម្លាំង 280 KVA ម៉ាក AJ-Power មានតម្លៃជាង៥ម៉ឺនដុល្លារអាមេរិក និងរទេះរុញចំនួន២០គ្រឿង ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ពិធីប្រគល់ទទួលនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់, អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា និងក្រុមគ្រួសារ ព្រមទាំងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៥០នាក់។
អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានបញ្ជាក់ថា ដោយឃើញពីកង្វះខាត និងភាពចាំបាច់នៃការប្រើប្រាស់អគ្គីសនី នៅពេលមានការរអាក់រអួលផ្គត់ផ្គង់អគ្គីសនីពីខេត្ត ជាពិសេសនៅអំឡុងពេលវះកាត់អ្នកជំងឺ ហើយលោកធ្លាប់បានដឹងថាក្រុមគ្រូពេទ្យបានប្រើប្រាស់ពិលទូរស័ព្ទដើម្បីវះកាត់អ្នកជំងឺ ដោយសារអគ្គីសនីមិនដំណើរការ ម៉ាស៊ីនភ្លើងក៏ខូច ដូចនេះលោកក៏សម្រេចឧបត្ថម្ភម៉ាស៊ីនភ្លើងកម្លាំង 280 KVA ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីបន្ថែមកម្លាំងប្រើប្រាស់ប្រចាំ រួមនិងថវិកា៨លានរៀលផងដែរ ជាមួយនេះក៏បានឧបត្ថម្ភថវិកាជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលសរុបប្រមាណ ២០០នាក់ ក្នុង១នាក់ ៤ម៉ឺនរៀល។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានសម្ដែងនូវការសាទរចំពោះការទទួលបានសម្ភារៈថ្មី ដើម្បីគាំទ្រដំណើរការសេវាព្យាបាលនិងសង្រ្គោះអ្នកជំងឺដែលត្រូវការចាំបាច់នៅពេលចរន្តអគ្គីសនីដាច់។ លោកបានបន្ថែមថា ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ និងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ បានជួយសាងសង់អគារនៅមន្ទីរពេទ្យនេះមុនគេ កាលពីឆ្នាំ ១៩៩៨ និងអគារជាច្រើនទៀត និងថ្មីៗនេះមន្ទីរពេទ្យក៏បានទទួលម៉ាស៊ីនលាងឈាម ដែលបានជួយសង្គ្រោះជីវិតអ្នកជំងឺជាច្រើនផងដែរ។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវការថ្លែងកោតសរសើរអស់ពីដួងចិត្តពីសំណាក់លោកអភិបាលខេត្ត ជូនចំពោះអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន និងក្រុមគ្រួសារ ជាពិសេសករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ និងរំលឹកគុណូបការៈរបស់ មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន កាលពីលោកនៅមានព្រះជន្ម តែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀត ដែលយើងទាំងអស់គ្នាបានឃើញជាបន្តបន្ទាប់ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ លោក បានលើកឡើងថា ដើម្បីតបស្នងនៅសទ្ធារបស់ក្រុមគ្រួសារអ្នកឧកញ៉ា សូមវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ មេត្តាជួយព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋ ប្រកបដោយ គុណធម៌ និងក្រមសីលធម៌។
សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ សរុបជាថវិការប្រមាណ ៣៥ម៉ឺនរអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤ ដោយមានការសាងសង់អគារសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខា ថ្នាំពេទ្យ សាងសង់អគារសម្ភព តបណ្តាញទឹក ចាក់ដី ក្រួសក្រហមក្នុងបរិវេណមន្ទីរពេទ្យខេត្ត ជាពិសេសម៉ាស៊ីនលាងឈាមចំនួន ០២គ្រឿង ម៉ាស៊ីនអេកូចំនួន០១គ្រឿង ម៉ាស៊ីនបន្សុតទឹកចំនួន០១គ្រឿង និងជួសជុលអគារផ្នែកលាងឈាមកាលពីខែមីនា ឆ្នាំ២០២៣៕