ឧកញ៉ាបណ្ឌិត សំ សុខនឿន ចែករំលែកវិធីសាស្រ្ដមួយចំនួន ក្នុងការទិញដី លក់ដី ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគអចលនទ្រព្យ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យ បានលើកឡើងចែករំលែកវិធីសាស្រ្ដមួយចំនួននៅក្នុងវិនិយោគលើវិស័យអចលនទ្រព្យ ទិញដី លក់ដី ដើម្បីទទួលបានផលចំណេញខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅក្នុងវីដេអូជិត៨នាទី នៅលើផេកផ្លូវការរបស់ខ្លួន លោកឧកញ៉ា បណ្ឌិត សំ សុខនឿន បានលើកឡើងជាសំណួរថា តើគួរទិញដីនៅពេលណា ហើយលក់ដីនៅពេលណា ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគអចនលទ្រព្យ?

ឆ្លើយតបជាមួយនឹងសំណួរនេះ ឧកញ៉ា បណ្ឌិត សំ សុខនឿន បានឱ្យដឹងថា ក្នុងការវិនិយោគអចលនទ្រព្យ បានផលចំណេញខ្ពស់ បងប្អូនត្រូវមានចំណេះ ជំនាញ ឬព័ត៌មានច្បាស់លាស់ ជាពិសេសត្រូវមានភាពឆ្លាតវៃនៅក្នុងការវិនិយោគ។ ក្នុងនោះ ការលើកឡើងរបស់បងប្អូនដែលយល់ពីវិស័យនេះ ថា ការវិនិយោគចំណេញ នៅពេលដែលទិញដីបានថោក លក់ដីវិញបានថ្លៃ។

លោកឧកញ៉ាបណ្ឌិតបានបន្ដថា ប្រសិនចង់វិនិយោគដីដែលបានផលចំណេញខ្ពស់ គឺត្រូវវិនិយោគដីជាយក្រុងភ្នំពេញ ហើយត្រូវមើលថា តំបន់ណាដែលមានការរីកចម្រើនក្នុងពេល៥ឆ្នាំទៅ១០ឆ្នាំក្រោយ។ បន្ទាប់មកទៀតត្រូវមើលថា ដីនៅទីតាំងនេះ បានឡើងថ្លៃហើយឬនៅ ព័ត៌មានបានលេចលឺហើយឬនៅ ឬអ្នកវិនិយោគបានបង្អើលទីផ្សារនៅទីនេះហើយឬនៅ។ ទីតាំងណា ដែលស្ថិតនៅជាយក្រុងភ្នំពេញត្រឹម ៣០គីឡូម៉ែត្រចុះ គឺជាឱកាសនៃការវិនិយោគដីដែលបានផលចំណេញខ្ពស់។

លោកឧកញ៉ា បញ្ជាក់ថា បើមើលលើដីនៅជុំវិញក្រុងភ្នំពេញកំពុងតែមានការកើនឡើងផងដែរ ហើយការទិញដីដែលមានផលចំណេញខ្ពស់គឺត្រូវទិញដីនោះមុនគេ។ ត្រង់នេះ ឧកញ៉ាបណ្ឌិតពន្យល់ថា ដីនៅតំបន់នោះ មិនទាន់មានលេចលឺព័ត៌មានពីការអភិវឌ្ឍន៍ ពីការធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឬក៏ការផ្អើលរបស់អ្នកវិនិយោគចុះទៅបង្អើល បង្អោលទីផ្សារបាននោះទេ។ អ៊ីចឹងដីនៅទីតាំងនោះ ត្រូវទិញមុនគេ ដោយទិញពីប្រជាពលរដ្ឋអាស្រ័យផល ឬក៏ជាម្ចាស់ដីស្រែមុនគេ ដែលនេះជាចំណុចសំខាន់។

លោកឧកញ៉ាបណ្ឌិតបញ្ជាក់បន្ថែមថា ដរាបណាបងប្អូនបានទិញកន្លែងនោះមុនគេ តម្លៃថោកជាងគេពីប្រជាពលរដ្ឋដើម បន្ទាប់មកពេលមានការផ្ទុះព័ត៌មាននៃការអភិវឌ្ឍន៍ ការធ្វើផ្លូវ ធ្វើស្ពាន ហេដ្ឋារចនាសម្ព័ន្ធនានា នោះតម្លៃដីនៅទីនោះនឹងឡើងថ្លៃ។

ឧកញ៉ា បណ្ឌិត សំ សុខនឿន ពន្យល់បន្ដថា ពេលទិញដីបានថោកហើយ តើគួរលក់នៅពេលណាវិញទើបបានផលចំណេញខ្ពស់? ជាចម្លើយគឺលោកឧកញ៉ា ណែនាំឱ្យលក់នៅពេលដែលគេកំពុងតែអភិវឌ្ឍតំបន់នោះ ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពេលគេកំពុងតែធ្វើផ្លូវ ធ្វើស្ពាន ពេលនេះហើយ ដែលយើងដាក់លក់ដី បានតម្លៃថ្លៃ ព្រោះថា សំបូរអ្នកទិញ។ អ្នកទិញ នឹងគិតថា នៅពេលដែល ស្ពាន ផ្លូវ ធ្វើរួច គេនឹងមានឱកាសចំណេញច្រើនពីដីនោះ។

ទន្ទឺមនឹងការចែករំលែកនេះ ឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏បញ្ជាក់ផងដែរថា តិចនិច ឬក៏វិធីសាស្រ្ដដែលលោកណែនាំខាងលើនេះ នៅពេលដែលបងប្អូនអនុវត្ដទៅ មិនប្រាកដថាទទួលបានផល១០០ភាគរយនោះទេ ព្រោះផ្អែកលើស្ថានភាព និងកាលៈទេសៈជាក់ស្ដែង៕