ទូកទៅ កំពង់នៅ! សមិទ្ធផលក្នុងវិស័យកីឡាបាល់ទាត់ខ្មែរដ៏គួរឱ្យចងចាំ ដែលឧកញ៉ា ឬទ្ធី សំណាង កសាង និងបន្សល់ទុក មុនការចាកចេញ

ជុំវិញ​ឧកញ៉ា

ថ្ងៃគម្រប់ខួប នៃការចាកចេញ​សែនឆ្ងាយ​ របស់​លោក​ឧកញ៉ា ឬទ្ធី សំណាង អតីត​ប្រធានក្លិបបាល់ទាត់​ភ្នំពេញក្រោន និងជាស្ថាបនិកមួយរូប ដែលបានលះបង់ពេលវេលា រួមចំណែកលើកកម្ពស់កិត្យានុភាពវិស័យបាល់ទាត់នៅកម្ពុជា Oknha News សូមរំឮកឡើងវិញខ្លះៗ នូវសមិទ្ធផល និងស្នាដៃដ៏គួរឱ្យចងចាំ របស់លោក​ឧកញ៉ា ឬទ្ធី សំណាង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឬទ្ធី សំណាង កើតក្នុងឆ្នាំ១៩៨១ គឺជាអ្នកជំនួញមួយរូប ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ព្រមទាំង​មានភាពជាអ្នកដឹកនាំ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិ ជាពិសេសការរួមចំណែក​កសាង​នូវសមិទ្ធផលជាបន្តជាច្រើន ជាពិសេស ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ ជាដើម។

ក្នុងតួនាទីជា​ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន អស់រយៈពេលជាង ១០ឆ្នាំ និងជា​សមាជិកគណៈកម្មាធិការ​ប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផង លោកឧកញ៉ា ឬទ្ធី សំណាង បានរួមចំណែកជួយជ្រោមជ្រែងដឹកនាំវិស័យបាល់ទាត់ ធ្វើឱ្យយុវជនខ្មែរ ងាកមកគាំទ្រយ៉ាងផុសផុល ក្នុងវិស័យកីឡាបាល់ទាត់ ទាំងក្របខ័ណ្ឌក្នុងប្រទេស និងការប្រកួតអន្តរជាតិ។

លោកឧកញ៉ា ឬទ្ធី សំណាង ជាស្វាមីរបស់លោកជំទាវ ភូ ឈាលីន និងជាកូនប្រសារបស់ អ្នកឧកញ៉ា កុក អាន ដែលជាមហាសេដ្ឋីមួយរូបនៅកម្ពុជា។ លោក​​ជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន, ជាអគ្គនាយកក្រុមហ៊ុន Pi Pay, អគ្គនាយក KB HOTEL ហើយ​កន្លង​មក​ ​លោក​តែង​ជួយ​ការងារ​សង្គម​ជា​ច្រើន​ ក្នុង​នោះ​ដូច​ជា​ ការបរិច្ចាគ​ដល់​កាកក្របាទក្រហម និង​មន្ទីរពេទ្យគន្ធបុប្ផា​ រួមទាំងសកម្មភាពជួយសង្គមជាច្រើនរាប់មិនអស់ ជាមួយរាជរដ្ឋាភិបាល។

ក្នុងថ្ងៃខួប នៃការចាកចេញរបស់ លោកឧកញ៉ា ឬទ្ធី សំណាង នេះដែរ ក្រុមគ្រួសារក្លិបបាល់ទាត់ភ្នំពេញក្រោន ​​ក៏​បាន​បង្ហោះវីដេអូ​ និងសារ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​ ក្នុងន័យរំឮកខួប និងការចងចាំដឹងគុណមិនភ្លេចនូវការលះបង់ និងដំបូន្មាន​ល្អៗ ក៏ដូចជាស្នាដៃទាំងឡាយ ដែលលោកឧកញ៉ា បាន​បន្សល់​ទុក។ មិនត្រឹមតែប៉ុណ្ណោះ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង ១២:៣០ នាទីតទៅ ក៏នឹងមានកម្មវិធីគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឬទ្ធី សំណាង នៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ៕