ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយក បុរី វិមានសំណាង យល់ឃើញថា បុរី វិមានសំណាង នៅតែបន្តឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព ដោយសារការសិក្សាពីទីផ្សារច្បាស់លាស់ និងស្គាល់រសនិយមរបស់អតិថិជន។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់ និងការលក់បុរី វិមានសំណាង នៅតែបន្តទៅមុខក្នុងសភាពវិជ្ជមាន ទោះបីជាស្ថានភាពមានសភាពយឺតយ៉ាវជាងមុនក្តី ប៉ុន្តែយើងនៅតែបន្តសកម្មភាពសាងសង់ផ្ទះ សម្រាប់អតិថិជនរបស់យើង។
លោកឧកញ៉ា បន្តថា៖ “ស្ថិតនៅលើផ្ទៃដីទំហំ២៥ហិកតា យើងសាងសង់ផ្ទះវីឡាជាង៤០០ប៉ុណ្ណោះ ដោយទុកផ្ទៃដី៤០ភាគរយ សម្រាប់សហគមន៍បៃតង។ យើងកំពុងបង្កើតសហគមន៍មួយប្រកបដោយភាពស៊ីវីល័យ សម្រាប់មនុស្សជំនាន់ក្រោយ និងផ្តោតលើចក្ខុវិស័យរយៈពេលវែង សម្រាប់ផ្គត់ផ្គង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋ”។
“អ្នកមានប្រាក់ខ្ទង់៤០ទៅ៥០ម៉ឺនដុល្លារ ពួកគេមិនអាចទិញផ្ទះវីឡាឃីង និងវីឡាឃ្វីននៅកណ្តាលរាជធានីបានទេ ប៉ុន្តែពួកគេគួរងាកមកកាន់បុរី វិមានសំណាង ដែលពួកគេអាចជ្រើសរើសផ្ទះ ដែលបានរចនាឡើងបែបក្លាសិកសម្រាប់អនាគតគ្រួសារ និងសហគមន៍របស់ពួកគេ។ យើងផ្តោតជាចម្បងលើក្រុមអ្នកមានសម័យថ្មី ដែលត្រូវការរសនិយមថ្មី និងផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ”។ លោកឧកញ៉ា បានបន្ថែម។
បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី និងជាទីតាំងដែលហ៊ុំព័ទ្ឋ ទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារសហគមន៍ជាដើម។ បុរីនេះមានព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព និងភាពមនោរម្យសម្រាប់អតិថិជន៕











