ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ដ៏ធំមួយរបស់កូនស្រី ឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ING Group បានប្រារព្វធ្វើឡើង កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
កម្មវិធីសិរីមង្គលនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ដែលកូនប្រុសនាម ទី ចន្ទនរៈ ត្រូវជាកូនប្រុសឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល ជាគូនឹងកូនស្រីនាម លឹម បូណ៌មី ជាកូនស្រីឧកញ៉ា លឹម ប៊ុនសួរ។
ពិធីអាពាហ៍ពិពាហ៍នេះ មានការអញ្ជើញជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាតិមួយចំនួន ដែលក្នុងនោះរួមមានដូចជា សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, លោកស្រី សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួនទៀត។
លើសពីនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកជំនួញធំៗដូចជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ម៉ៅ ចំណាន, អ្នកឧកញ៉ា សំអាង, អ្នកឧកញ៉ា អ៊ឹង ប៊ុនហូវ, អ្នកឧកញ៉ា លឹម រស់, អ្នកឧកញ៉ា ហេង សៀ, ឧកញ៉ា ហ៊ួត ជា, ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង ឧកញ៉ា កែវ មុំ រួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ៕