ឧកញ៉ា ហេង បូរិន ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា”

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង បូរិន សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងជា អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៥៩ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោរមងារជា «អ្នកឧកញ៉ា» ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយស ដែលព្រះមហាក្សត្រប្រោសព្រះរាជទាន ឧកញ៉ា ហេង បូរិន នាពេលនេះ គឺពិតជាស័ក្តិសម និងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិ ដែល អ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើនដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមកយ៉ាងពិតប្រាកដ ។

អ្នកឧកញ៉ា ហេង បូរិន គឺជាសមាជិកសកម្មមួយរូបនៅក្នុងសមាគមឧកញ៉ាកម្ពុជា ដោយមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។ អ្នកឧកញ៉ា ហេង បូរិន តែងតែចូលរួម ការងារសង្គម និងការងារសប្បុរធម៌ ជាបន្តបន្ទាប់ តាមរយៈ សមាគមឧកញ៉ាកម្ពុជា កាកបាទក្រហមកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់មូលនិធិក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA (ធីតា) សាងសង់សាលារៀន ជួយឧបត្ថមដល់មណ្ឌលកុមារកំព្រា និងការងារសប្បុរសធម៌ ជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីនោះ អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ក៏ជាម្ចាស់គម្រោងបុរី ហេង បូរិន និងមានស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ធំមួយ រួមទាំងមានក្រុមហ៊ុន បុត្រសម្ព័ន្ធមួយចំនួនផ្សេងទៀត ។ តាមរយៈសកម្មភាពធុរកិច្ច និងជាអ្នកវិនិយោគក្នុងប្រទេសកម្ពុជាមួយរូប ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប របស់ អ្នកឧកញ៉ា ហេង បូរិន ក៏កំពុងតែចូលរួមផ្ដល់ឱកាសការងាររាប់ពាន់ រាប់មុឺននាក់ ទាំងផ្ទាល់ និងប្រយោល ជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ៕