លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។
ជារៀងរាល់ឆ្នាំ លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ តែងតែចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។
សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹងប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ថវិកាដែលទទួលបានពីសប្បុរសជន សមាគមជាតិមួយនេះនឹងប្រើប្រាស់ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕