លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ចំនួន ២៧រូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧកញ៉ា គី ទីគា កាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។

លោកអ្នកឧកញ៉ា លាង ឃុន បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ លី សុខខេង ព្រមទាំងក្រុមគ្រួសារដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ឧត្តមស្វាមីក៏ដូចជាអ្នកមានគុណមួយរូបជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ពោរពេញដោយព្រហ្មវិហារធម៌ និងបានលះបង់បូជាកម្លាំងកាយកម្លាំងចិត្តគ្រប់សព្វបែបយ៉ាង ក្នុងការបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋដ៏ល្អសម្រាប់សង្គមជាតិ។ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ា គី ទីគា សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឧកញ៉ា គី ទីគា សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា ត្រូវជាស្វាមីរបស់លោកជំទាវ លី សុខខេង បានទទួលមរណភាពកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១១:០៨ នាទីយប់ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ៕








