ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា ហេង បូរិន សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។
ក្នុងឱកាសដ៏រីករាយនេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមជូនពរ អ្នកឧកញ៉ា ហេង បូរិន និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អ្នកឧកញ៉ា ហេង បូរិន គឺជាសមាជិកសកម្មមួយរូបនៅក្នុងសមាគមឧកញ៉ាកម្ពុជា ដែលមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។ អ្នកឧកញ៉ា ហេង បូរិន តែងតែចូលរួម ការងារសង្គម និងការងារសប្បុរធម៌ ជាបន្តបន្ទាប់ តាមរយៈ សមាគមឧកញ៉ាកម្ពុជា កាកបាទក្រហមកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់មូលនិធិក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA (ធីតា) សាងសង់សាលារៀន ជួយឧបត្ថមដល់មណ្ឌលកុមារកំព្រា និងការងារសប្បុរសធម៌ ជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឧកញ៉ា ហេង បូរិន សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងជា អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៥៩ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។