លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា នៅសណ្ឋាគារភ្នំពេញ។

តាមការបញ្ជាក់ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងរបាយការណ៍វឌ្ឍនភាពវិស័សំណង់នៅកម្ពុជា ជាពិសេសការអនុវត្តន៍ច្បាប់ពន្ធ និងបញ្ហាបឈមនានាក្នុងការអភិវឌ្ឍន៍គំរោងបុរី សំណង់ខុនដូ របស់សមាជិក សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
ក្នុងជំនួបពិភាក្សាខាងលើ ក៏មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លាង ឃុន ទីប្រឹក្សាជាន់ខ្ពស់សមាគម, អ្នកឧកញ៉ា ថៃ ជាហួត អនុប្រធានសមាគម, អ្នកឧកញ៉ា លី សេងឃាង អនុប្រធាន, អ្នកឧកញ៉ា តេង ហឿង អនុប្រធាន, អ្នកឧកញ៉ា ប៊ុន ហៃ អនុប្រធាន, អ្នកឧកញ៉ា ចាប ហុងលី អនុប្រធាន, អ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាបច្ចេកទេស, ឧកញ៉ា តាន់ មុនីវណ្ណ ទីប្រឹក្សាបច្ចេកទេស, លោកជំទាវឧកញ៉ា សុខ ចិន្ថា អនុប្រធាន រួមទាំងអ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីជាច្រើននាក់ទៀត។
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា បានរងនូវផលប៉ះពាល់ ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ច និងបញ្ហាសកលនៃសង្គ្រាមនៅបណ្តាប្រទេសមួយចំនួន។ ក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះជាសកល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ជាពិសេសលើវិស័យអចលនទ្រព្យ ខណៈដែលបច្ចុប្បន្ននេះ គម្រោងបុរី និងខុនដូ ការលក់មានការធ្លាក់ចុះយ៉ាងខ្លាំង។
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាប្រធានស្ថាប័នដែលជាអាណាព្យាបាល ធ្លាប់បានថ្លែងថា កង្វល់របស់សមាគម ក៏ជាកង្វល់របស់ក្រសួងដូចគ្នា ដូច្នេះក្រសួងនិងសមាគមយកឱកាសនេះ ដើម្បីស្វែងរកយុទ្ធសាស្ដ្ររួម សម្រាប់ដើរទៅមុខទាំងអស់គ្នា ដោយពួតដៃគ្នាឈរលើវិថីមួយដ៏ត្រឹមត្រូវ ដើម្បីកុំឱ្យមានការលំបាកទៅថ្ងៃខាងមុខទៀត ពិសេសការខាតបង់ទាំងពេលវេលា និងថវិកា៕















