លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ វឌ្ឍនភាពការងារ ត្រៀមរៀបចំកម្មវិធី “អ្នកស្នងមរតក” ដែលបានកំណត់ប្រារព្ធឡើង នៅថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ(OCIC) ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

កម្មវិធី “អ្នកស្នងមរតក” ផ្ដួចផ្ដើមបង្កើតឡើងដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនីប្រមាណ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការការពារ លើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់។
ម្យ៉ាងទៀត កម្មវិធីនេះក៏ជាមធ្យោបាយមួយ ជំរុញឱ្យសិល្បករ សិល្បការិនីទាំងអស់ មានសាមគ្គីភាពគ្នាល្អ ហើយរួបរួមកម្លាំងគ្នា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពនានានៃវិស័យសិល្បៈ និងវប្បធម៌។
អ្នកឧកញ៉ាប្រធានសមាគម ក៏បានង្ហើបឱ្យដឹងកាលពីដើមខែឧសភានេះផងដែរថា កម្មវិធីនេះរៀបចំឡើង ដើម្បីចង់ប្រមូលផ្តុំសិល្បករ-សិល្បការិនី ឱ្យមានភាពស្និទ្ធស្នាល និងអ្វីដែលសំខាន់ គឺការកៀរគររកមូលនិធិ ដើម្បីទ្រទង់សមាគម និងដើម្បីឱ្យសមាគមអាចធ្វើសកម្មភាពជាប្រយោជន៍ដល់សិល្បករជំនាន់មុនៗដែលអសមត្ថភាព ឬសិល្បករចាស់ៗដែលបានសន្សល់កេរ្តិ៍មរតកស្នាដៃ។
សូមជម្រាបថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលរៀបចំដោយគណៈកម្មការដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់អាណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា នឹងដឹកនាំសមាគមសិល្បករខ្មែរ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩៕




