ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី (LYLY Food Industry Co.,Ltd) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីគម្រប់ខួប ២២ឆ្នាំរបស់ក្រុមហ៊ុនផលិតនំស្រួយលីលី ជាមួយនឹងកូនស្រីនិងបុគ្គលិកក្រុមហ៊ុនជាច្រើនរូប។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ ឧកញ៉ា កែវ មុំ បានលើកឡើងថា អបអរសាទរគម្រប់ខួប ២២ឆ្នាំនៃការបង្កើតក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី។ ក្នុងឱកាសដ៏រីករាយនេះ លោកស្រីសូមថ្លែងអំណរគុណដល់លោក ស៊ុយ សែម និងលោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ព្រមទាំង លោក ហែម វណ្ណឌី បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ និង មន្ត្រីក្រសួងឧស្សាហកម្មទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង លើកទឹកចិត្តនិងផ្ដល់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជាច្រើនដល់ក្រុមហ៊ុនលីលី។
ជាមួយគ្នានេះ លោកស្រីឧកញ៉ាស្ថាបនិកក្រុមហ៊ុនផលិតនំស្រួយលីលី ក៏សូមថ្លែងអំណរគុណដល់បងប្អូនដែលជាសមាជិកមហាគ្រួសារនៃក្រុមហ៊ុនលីលីទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តធ្វើការនៅក្នុង ក្រុមហ៊ុនលីលីមកដល់បច្ចុប្បន្ននេះ។
ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី បង្កើតឡើងដំបូងនៅឆ្នាំ២០០២ បច្ចុប្បន្នមានរោងចក្រចំនួន ២ គឺ មួយស្ថិតនៅរាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយអាចផលិតនំបានជាង ៣០ ប្រភេទ។ ក្រុមហ៊ុនផលិតនំស្រួយ លីលី មិនត្រឹមជាសហគ្រាសផលិត ដើម្បីផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលមានសមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផលិត ជាផលិតផលសម្រេចចំណីអាហារ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី ថៃ មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ី កូរ៉េខាងត្បូង អាហ្វ្រិក នូវែលសេឡង់ និងប្រទេសផ្សេងៗទៀតផងដែរ។
លោកជំទាវ ឧកញ៉ា កែវ មុំ ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុននំស្រួយលីលី ធ្លាប់ទទួលបានពានរង្វាន់ជា «សហគ្រាសល្អបំផុត» ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១៥ លើជោគជ័យអាជីវកម្មផលិតនំស្រួយ ចែកចាយទាំងលើទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ស្របតាមស្ដង់ដារគុណភាពប្រទេសជប៉ុន។ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី បច្ចុប្បន្នដឹកនាំដោយលោកស្រី អ៊ឹង ឈីវលី ហៅ លីលី កូនស្រីឧកញ៉ា កែវ មុំ ជាអគ្គនាយិកា និងមានឧកញ៉ា កែវ មុំ ជាប្រធានក្រុមប្រឹក្សាភិបាល៕