លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧកញ៉ាកម្ពុជា បានដឹកនាំលោកអ្នកឧកញ៉ា និងអ្នកឧកញ៉ាជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមចំនួន ២៤រូបប្រជុំសាមញ្ញ លើរបៀបវារៈសំខាន់ធំៗចំនួន៣ នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នៃសណ្ឋាគារភ្នំពេញ នៅរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
យោងតាមសមាគមឧកញ៉ាកម្ពុជា កិច្ចប្រជុំប្រចាំត្រីមាសឆ្នាំនេះ ធ្វើឡើងក្រោមរបៀបវារៈចំនួន៣រួមមាន៖ ១, ប្រភពនិងការប្រមូលមូលនិធិ និងគម្រោងសម្ពោធសមាគមមូលនិធិឧកញ៉ាកម្ពុជា។ ២, ការរៀបចំសន្និបាត លើកទី២ របស់សមាគមឧកញ៉ាកម្ពុជា និងទី៣, ផ្សេងៗ, ដែលក្នុងនោះមានដូចជាកិច្ចពិភាក្សា និងបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីបន្ថែម, ការកំណត់ពេលវេលាប្រគល់ថវិកាជូនកាកបាទក្រហមកម្ពុជា, ផែនការរៀបចំវេទិកាធុរកិច្ចជាមួយបណ្តាស្ថាប័នអន្តរជាតិនានា, និងការរៀបចំពិធីសំណេះសំណាល ជាមួយនឹង សម្តេចធិបតីនាយករដ្ឋមន្ត្រីជាដើម។
ជាកិច្ចចាប់ផ្តើម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ សមាជិកអង្គប្រជុំទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ជាកិច្ចបន្ទាប់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការបានធ្វើបទបង្ហាញជូន អង្គប្រជុំទាំងមូល ទៅតាមរបៀបវារៈ នីមួយៗ ដោយសមាជិកអង្គប្រជុំបានចូលរួមជជែកពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗទៅ លើរបៀបវារៈ ទាំង នោះ យ៉ាងផុសផុល និងយកចិត្តទុកដាក់ជាទីបំផុត។
សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងទៀតថា ក្រោយប្រជុំពិនិត្យ ពិភាក្សា រួចមក អង្គប្រជុំបានសម្រេចអនុម័តលើ របៀបវារៈនីមួយៗ ដូចខាងក្រោម៖
របៀបវារៈទី១៖ អង្គប្រជុំបានសម្រេចចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៃសមាគមមូនិធិឧកញ៉ាកម្ពុជា នៅក្រសួង មហាផ្ទៃ ដើម្បីបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គប្រជុំក៏បានកំណត់ប្រភព និងទំហំមូលនិធិ ដើម្បីរក្សាបាននូវនិរន្តរភាពមូលនិធិ សម្រាប់ទ្រទ្រង់សកម្មភាព សប្បុរសធម៌នានាផងដែរ។ ពាក់ព័ន្ធនឹងការសម្ពោធសមាគមមូលនិធិឧកញ៉ាកម្ពុជានេះ អង្គប្រជុំបានឯកភាព រៀបចំ ក្នុងពេលសន្និបាត លើកទី២របស់សមាគម ដែលគ្រោងនឹងរៀបចំនាចុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
របៀបវារៈទី២៖ អង្គប្រជុំបានឯកភាពលើការកំណត់កាលបរិច្ឆេទ ទីតាំង សមាសភាពចូលរួម និងរបៀបវារៈនៃ សន្និបាត លើកទី២ ដោយប្រារព្ធធ្វើឡើងពេញមួយថ្ងៃ នាចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឥស្សរជន ជាន់ខ្ពស់ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
ទី៣ របៀបវារៈផ្សេងៗ ៖
ក. អង្គប្រជុំបានសម្រេចជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីបន្ថែម តាមរយៈការបោះឆ្នោត ជ្រើសរើស បេក្ខភាព ដែលបានដាក់ពាក្យឈរឈ្មោះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បំផុតដែលជាលទ្ធផលអង្គប្រជុំ ជ្រើសរើស បានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៣រូប ដើម្បីចូលរួមជួយដល់រាល់សកម្មភាព របស់ សមាគម ឱ្យកាន់តែមានស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមភាពរីកចម្រើន និងការងារដ៏មមាញឹក របស់ សមាគមនាពេលបច្ចុប្បន្ន និងទៅអនាគត។
ខ. បន្ថែមលើនេះ អង្គប្រជុំក៏បានឯកភាពលើការកំណត់កាលបរិច្ឆេទ ទីតាំង សមាសភាពចូលរួម និងរបៀបវារៈ នៃការរៀបចំវេទិកាធុរកិច្ចនានា ដោយសហការជាមួយបណ្តាសមាគម សភាពាណិជ្ជកម្ម និងស្ថាប័នអន្តរជាតិ នានា ដែលក្នុងនោះក៏នឹងមានការរៀបចំជំនួបផ្គូផ្គងធុរកិច្ចរវាងសមាជិកសមាគម និងក្រុមហ៊ុនបរទេស ធំៗក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ជាចុងក្រោយនៃកិច្ចប្រជុំ អង្គប្រជុំក៏បានឯកភាពលើ ការ កំណត់ កាលបរិច្ឆេទ និងសមាសភាពចូលរួម យកថវិកាដែលប្រមូលបានពីសមាជិក រួមនឹងថវិការបស់ សមាគម ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា នៅដើមសប្តាហ៍ក្រោយ៕