អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកឧកញ៉ា ឧកញ៉ា អនុប្រធាន និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មមួយចំនួន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យ៉ាង យូស៊ីង (Yang Youzing) អនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce)។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជានេះដែរ អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិនដែលបានអញ្ជើញមកកាន់កម្ពុជា ដឹកនាំដោយ លោក យ៉ាង យូស៊ីង និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ។ ហេតុនេះជំនួបពិភាក្សានាពេលនេះ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងកម្ពុជា។
អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
អ្នកឧកញ៉ាប្រធាន បានជម្រាបជូន គណៈប្រតិភូចិនអំពីកំណើនសេដ្ឋកិច្ច កាលនុវត្តភាព និងបច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។ កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ានមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។
លោក យ៉ាង យូស៊ីង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលចានទទួលជួបពិភាក្សាកាងារជាមួយ គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ លោកអបអរសាទរ ចំពោះកិច្ចប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់ និងបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកក៏បានលើកឡើងអំពីចំណងមិត្តភាពដែកថែបកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់ និងទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់៕