លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជាដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន៤រូប ចូលរួមកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ច នៅសាធារណរដ្ឋតួកគី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា កម្មវិធីដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលនឹង ប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអ៊ីស្ពានប៊ុល នៃសាធារណរដ្ឋតួកគី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្នុងគោលបំណងជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាវិនិយោគរវាងប្រទេសទាំងពីរ តាមរយៈកិច្ចពិភាក្សានិងការផ្គូរផ្គងធុរកិច្ចរបស់ធុរជននានាដែល មានសក្តានុពលលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម និងសុខាភិបាលជាដើម។
សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងបន្ថែមទៀតថា អ្នកឧកញ៉ា ឧកញ៉ា ដែលអ្នកឧកញ៉ា សៀ ឫទ្ធី ដឹកនាំទៅរួមមាន លោកជំទាវអ្នកឧកញ៉ា សុខ សុភាព លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន លោកជំទាវឧកញ៉ា ស៊ាត មុំសុភា និងឧកញ៉ា សុខ បញ្ញារិទ្ធ។
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អំឡុងពេលទស្សនកិច្ចនៅប្រទេសតួកគី ប្រមុខការទូតកម្ពុជា នឹងចូលរួមពិសារអាហារថ្ងៃត្រង់ធុរកិច្ច ដែលលោកនឹងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងតួកគី។
ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី២៨ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឥស្សរជនតួកគីទាំង ផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិថែមទៀត។ លោក សុខ ចិន្តាសោភា និង លោក ហាកាន់ ហ្វីដាន់ រដ្ឋមន្រ្តីការបរទេសតួកគី នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងយន្តការដែលមានស្រាប់លើគ្រប់វិស័យ និងរិះរកបន្ថែមទៀតនូវសក្តានុពលថ្មីៗ លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏នឹងផ្លាស់ប្ដូរ ទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ និងអន្តរជាតិ។
លើលពីនេះថែមទៀត ឯកសារនៃកិច្ចសហប្រតិបត្តិ ការមួយចំនួនត្រូវបានរំពឹងថា នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសតួកគី ឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសំណេះសំណាលជាមួយសហមន៍ខ្មែរ និងនិស្សិត ផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងផ្តល់ជាសក្ខីភាពយ៉ាងច្បាស់ នៃចំណងមិត្តភាពដ៏រឹងមាំ និងប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងលើក កម្ពស់ទំនាក់ទំនងរីកចម្រើនរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងតួកគីកំពុងប្រារព្ធខួបលើក ទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ នេះ៕