អ្នកឧកញ៉ា វិញ ហួរ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមពិធីសម្ពោធកំពង់ផែពហុបំណងកំពត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា វិញ ហ៊ួរ អភិបាលក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំគណៈកម្មការ​សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែឧសភានេះ បានឱ្យដឹងថា កិច្ចប្រជុំនេះ​​ធ្វើឡើង​នៅទីស្តីការក្រសួង ​ក្រោមអធិបតីភាព លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំពិធី ដោយមានការចូលរួមពី អ្នកឧកញ៉ា វិញ ហ៊ួរ ឯកឧត្តម លោក លោកស្រី ជាអនុប្រធានគណៈកម្មការ ប្រធាន/អនុប្រធានអនុគណៈកម្មការ និង​សមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។​

គោលបំណងកិច្ចប្រជុំខាងលើ គឺដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗដែលនៅសេសសល់។ លោក​រដ្ឋលេខាធិការប្រធានគណៈកម្មការ បានណែនាំ​ឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ​ជាមួយ​ភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច​ដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីសម្ពោធអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបថា កំពង់ផែពហុបំណងកំពត ​មាន​ទីតាំង​ស្ថិតក្នុងសង្កាត់បឹងទូក និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត គឺជា​កំពង់ផែ​មួយ​​មានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូន​ទំនិញ​តាមកប៉ាល់ធំៗ។ គម្រោង​កំពង់ផែទឹកជ្រៅមួយនេះ អ្នកឧកញ៉ា វិញ ហួរ ​​បានចុះសិក្សា​តាំងពីឆ្នាំ២០១០ និង​បាន​បើកការដ្ឋានបូម​ស្តារ​​ឃ្លងនាវាចេញ-ចូល​ ចាប់​តាំង​ពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ សម្រាប់​ដំណាក់កាលទី១ ដែលបានបញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ២០២៤នេះ ក្រុមហ៊ុន​បាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ១៤០លានដុល្លារ ខណៈដែល​​​​នាពេលខាងមុខ នឹងបន្ត​សាងសង់​ដំណាក់កាល​ជា​បន្តបន្ទាប់​ថែម​ទៀត៕