អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារចុះឈ្មោះ និងបន្ទប់រង់ចាំ» ដ៏ថ្មីស្រឡាង នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ ក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

អគារចុះឈ្មោះ និងបន្ទប់រង់ចាំ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងជួយសម្រួលដល់ការចង្អៀតណែននៃកន្លែងចុះឈ្មោះ និងបន្ទប់រងចាំចាស់របស់មជ្ឍមណ្ឌល ដោយប្តូរមកជាបន្ទប់ដាច់ដោយឡែក ប្រកបដោយផាសុខភាព និងចូលរួមកាត់បន្ថយការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើងមួយកម្រិតទៀត ជូនដល់សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
ថវិកាមួយផ្នែកធំនៃការសាងសង់អគារនេះ គឺជាថវិកាបានមកពីមូលនិធី២៥រៀល។ មូលនិធិ២៥រៀល បានបង្កើតចាប់តាំងតែពីថ្ងៃក្រុមហ៊ុន អិន.វី.ស៊ី ខបភើរេសិន (N.V.C Corporation Co., Ltd.) ចាប់បើកសម្ភោធនៅឆ្នាំ២០១០។ រាល់ការពិសាទឹកវីតាល់១ដបរបស់លោកអ្នក គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥រៀល ជូនមូលនិធិនេះ។ ថវិកាទាំងអស់នោះ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពសប្បុរសធម៌។ មូលនិធិ២៥រៀល ផ្តោតលើ ៤ ចំនុចសំខាន់ៗគឺ ការអប់រំ បរិស្ថាន សុខភាពនិងកីឡា ព្រមទាំងវប្បធម៌និងសង្គម។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំពី២០១០ តាមរយៈមូលនិធិ២៥រៀល វីតាល់បានចាប់ដៃគូរជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីគាំទ្រដល់កម្មវិធីបរិច្ចាគឈាម និងជំរុញការបង្កើនស្តុកឈាមនៅធនាគារឈាមកម្ពុជា។ វីតាល់ឧបត្ថម្ភគាំទ្ររាល់កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ «ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់» និង «ទិវាអ្នកផ្តល់ឈាមពិភពលោក»។ បន្ថែមពីនេះ វីតាល់តែងតែគាំទ្រដល់សកម្មភាពប្រមូលឈាមចល័តរបស់ជម្ឈមណ្ឌលជាតិផ្តល់ឈាម នៅតាមសាកលវិទ្យាល័យ និងស្ថាប័នរដ្ឋ និងឯកជននានា នៅក្នុងប្រទេសកម្ពុជាផងដែរ៕








