អនុប្រធានទី២រដ្ឋសភា ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា

ឯកឧត្ដម​ វង សូត​ អនុប្រធានទី២រដ្ឋសភា​ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ បាន​ផ្ញើសារលិខិតថ្លែងអំណរគុណ​ ជូនចំពោះ​ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា​ និង​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាកិត្តិយស ក្នុងពិធី​ចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់ជន្មាយុ៩០ឆ្នាំ ឈានចូល៩១ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតថ្លែងអំណរគុណរបស់រដ្ឋសភា​ខាង​លើ បាន​បញ្ជាក់បន្ថែម​ថា វត្តមាន​របស់ លោកអ្នកឧកញ៉ា ប្រធាន​សមាគម​ឧកញ៉ាកម្ពុជា និង​ថ្នាក់ដឹកនាំ​សមាគមឧកញ៉ាកម្ពុជា បាន​ផ្តល់នូវ​កិត្តិយស និង​រួមចំណែក​ធ្វើ​ឱ្យ​ពិធី​បុណ្យ​ចម្រើន​អាយុ​វឌ្ឍនៈមង្គល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម។

ឯកឧត្ដម​ វង សូត​ អនុប្រធានទី២រដ្ឋសភា ក៏​សូម​ជូនពរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ព្រម​ទាំង​ លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង​ក្រុមគ្រួសារជាទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួនប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្តេចពញាចក្រី ហេង សំរិន អតីត​ប្រធាន​រដ្ឋសភា និង​បច្ចុប្បន្ន​ជា ប្រធានកិត្តិយស​នៃក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ឈាន​ចូលដល់​ជន្មាយុ ៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខណៈ​ដែល​ពិធី​ចម្រើនអាយុវឌ្ឍនៈមង្គល ត្រូវ​បាន​រៀបចំ​ឡើង​នៅភូមិគ្រឹះរបស់សម្តេច​ផ្ទាល់​ ស្ថិតនៅ​ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕