លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមការងារអញ្ជើញទៅសួរសុខទុក្ខ លោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខ ជាពិសេសបញ្ហាឆ្អឹងខ្នងដែលធ្វើឱ្យលោកយាយមិនអាចដើរ ឬអង្គុយបាន ដោយកំពុងសម្រាកនៅផ្ទះកូនក្មួយនៅរាជធានីភ្នំពេញរង់ចាំការព្យាបាលបន្ត។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានសាកសួរអំពីអាការៈរបស់លោកយាយ ខាវ ថងញ៉ុត ប្រកបដោយការព្រួយបារម្ភ ព្រមទាំងបានរិះរកមធ្យោបាយផ្សេងៗ ដើម្បីសម្រាលបន្ទុកចំណាយរបស់លោកយាយ ដែលបច្ចុប្បន្នមានវ័យរហូតដល់ ៨៥ឆ្នាំទៅហើយ និងកំពុងរស់តែពីរនាក់កូនស្រី ដែលមានវ័យ៧០ឆ្នាំហើយដែរនោះ។
ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែក និងដោយមើលឃើញថា ភរិយារបស់អធិរាជសំឡេងមាសជាអ្នកមានសទ្ធារក្សាសីលជាប្រចាំ លោកជំទាវក៏ជូននូវថវិកាដោយឡែកសម្រាប់លោកយាយធ្វើបុណ្យទានផងដែរ។
កាយវិការដ៏ប្រពៃរបស់ប្រធានសមាគមសិល្បករខ្មែរ ពិតមិនអាចធ្វើឱ្យភរិយាអធិរាជសំឡេងមាសរូបនេះ ទប់ទឹកភ្នែកបានឡើយ។ លោកយាយបានបង្ហាញអារម្មណ៍រំភើបព្រមជាមួយនឹងពាក្យពេចន៍អរគុណ និងជូនពរចំពោះលោកជំទាវប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់លោកយាយដែលជាភរិយារបស់អទិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។
សូមជម្រាបថា បន្ទាប់ពីជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា ម៉ៅ ចំណាន បានអញ្ជើញចុះសួរសុខទុក្ខដល់សិល្បករជំនាន់មុនៗ ឬសិល្បករចាស់ៗដែលបានសន្សល់កេរ្តិ៍មរតកស្នាដៃ ជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏បានដឹកនាំក្រុមការងារ អញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ៕