ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ CEO ក្រុមហ៊ុន V Syndicate Co., Ltd ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ ជាកូនប្រុសរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោកស្រី វូ សុភៈទេវី។ ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ ដែលជាបញ្ញវន្តមួយរូបបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី ក៏ត្រូវបានគេដឹងថា ម្ចាស់ភាគហ៊ុន SF Group Ltd និងជាភាគទុនិកក្រុមហ៊ុន Cam F & B Services Co. Ltd. ផងដែរ។
គួររំឭកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ឪពុករបស់ អ្នកឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ បានមានប្រសាសន៍ថា គោរមងារឧកញ៉ា ជាគោរមងារដ៏មានតម្លៃមួយ ដែលបានចាក់ឬសជ្រៅនៅក្នុងវប្បធម៌ សង្គម និងប្រវត្តិសាស្ត្រខ្មែរ ជាយូរណាស់មកហើយ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ គោរមងារឧកញ៉ា ជាគោរមងារសំខាន់មួយ ដែលព្រះមហាក្សត្រប្រោសព្រះរាជទានជូនសម្រាប់តែកូនខ្មែរ ដែលមានគុណសម្បត្តិ គុណបំណាច់ និងមានស្នាដៃធំធេងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងមានឆន្ទៈខ្ពស់ ហ៊ានលះបង់គ្រប់យ៉ាងក្នុងការការពារផលប្រយោជន៍ និងកសាងជាតិមាតុភូមិ៕