លោក ជឿន ចក់ ឈ្មោះហៅក្រៅ «Admin ជីងចក់» ដែលជាអ្នកអត្ថាធិប្បាយបាល់ទាត់មួយរូបនៅកម្ពុជា និងជាសមាជិកក្រុមបាល់ទាត់ Vlogger All Stars កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានចេញលិខិតសូមទោសជាសាធារណៈជូនចំពោះ លោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា ចំពោះការប្រើប្រាស់ពាក្យពេចន៍របស់ខ្លួនកន្លងមក ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់សមាគមឧកញ៉ាកម្ពុជា។
ក្នុងលិខិតខាងលើនេះ Admin ជីងចក់ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ជីង ចក់ TV បានធ្វើការផ្សាយផ្ទាល់នូវវីដេអូខ្លីមានរយៈពេល ៣នាទី និង២២វិនាទី លើទំព័រហ្វេសប៊ុក ដោយមានលោកជាអ្នកអត្ថាធិប្បាយ វិភាគ និងរិះគន់យ៉ាងខ្លាំង ទៅលើបុគ្គលមួយចំនួន ដែលមានងារជាឧកញ៉ា ដោយបានប្រើប្រាស់ងារជាឧកញ៉ាទៅប្រព្រឹត្តនូវកំហុស និងទង្វើផ្ទុយច្បាប់ដែលបណ្តាកឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា។
ការប្រើប្រាស់ពាក្យរិះគន់ទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ ដោយក្នុងការបកស្រាយរបស់លោកគ្រានោះ មានពាក្យពេចន៍ខ្លះពិតជាបានបង្កើតឱ្យមានកំហុសដោយអចេតនា ដែលនាំឱ្យប៉ះពាល់ជារួមដល់កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់ សមាគមឧកញ៉ាកម្ពុជា មែន ព្រោះថា លោកមិនមានការយល់ដឹងច្បាស់លាស់ទៅនឹងពាក្យថាគោរមងារឧកញ៉ា ដែលជាគោរមងារកិត្តិយសផ្តល់ដោយព្រះមហាក្សត្រ ទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យ ទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ ហើយងារឧកញ៉ាពុំមានឥទ្ធិពលអាចយកទៅប្រើប្រាស់សម្រាប់រកស៊ីបោកប្រាស់ប្រជាពលរដ្ឋបានទេ។
លោក ជឿន ចក់ បានសម្តែងការសោកស្តាយជាពន់ពេក ដែលបានបង្កើតនូវកំហុសអចេតនាមួយនេះឡើង។ ទោះយ៉ាងណា លោកសូមទទួលស្គាល់កំហុស ហើយសូមលំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារណៈ និងជាពិសេសដល់ លោកអ្នកឧកញ៉ាប្រធាន ចំពោះកំហុសដោយអចេតនារបស់លោក។ ជាមួយគ្នានេះ លោកសូមសន្យាថា នឹងឈប់ឱ្យមានការផ្សព្វផ្សាយ ឬនិយាយប៉ះពាល់ដល់កិត្តិយស ឬបរិហាកេរ្តិ៍ នៃគោរមងារឧកញ៉ា តទៅទៀតហើយចាប់ពីពេលនេះតទៅ ហើយលោកនឹងលុបនូវឃ្លីបវីដេអូខ្លីដែលបានចេញផ្សាយចោលឱ្យអស់ រួមទាំងតំណរភ្ជាប់ទៀតផងដែរ។
ជាចុងក្រោយ លោក ជឿន ចក់ ឈ្មោះហៅក្រៅ «Admin ជីងចក់» សង្ឃឹមថា លោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា ពិតជាមានក្តីមេត្តាផ្តល់ភាពសណ្តោសអភ័យ និងព្រមទាំងយកនូវការសូមអភ័យទោសពីលោក៕