អ្នកឧកញ៉ា ឧកញ៉ា ម្ចាស់សាលាល្បីៗ អញ្ជើញចូលជួបសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម​គ្រឹះស្ថានឧត្តម​សិក្សាកម្ពុជា បានដឹកនាំប្រតិភូនៃសមាគម អញ្ជើញចូលជួបសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក​របស់​សម្តេចធិបតី បាន​ឱ្យដឹងថា រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំ​ជាអាទិភាព​បំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូ​នៃសមាគមគ្រឹះស្ថានឧត្តម​សិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែល​បាន​បន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា។

ថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយ នាយករដ្ឋមន្ត្រី ដែលកន្លង​ទៅចំនួន៧លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សមាគមគ្រឹះស្ថាន​ឧត្តម​សិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបខាងលើ​នេះ មានអ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់សាលាល្បីៗនៅកម្ពុជា​ជា​ច្រើន​​អញ្ជើញ​ចូលរួម​ផង​ដែរ ក្នុងនោះរួមមានដូចជា អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ​ អាស៊ី អឺរ៉ុប, ឧកញ៉ា លី ឆេង ប្រធានក្រុមប្រឹក្សាភិបាល​ សាលាប៊ែលធី អន្តរជាតិ, ឧកញ៉ា ទេព កុលាប សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ, ឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ វេស្ទើន, ឧកញ៉ា ប៉ិច បូឡែន ​ប្រធានក្រុមប្រឹក្សាភិបាល​សាលា វេសឡាញ គ្រុប ព្រមទាំង​សមាជិក សមាជិកា នៃសមាគម​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជា​ច្រើន​រូប​ទៀត។

គួរបញ្ជាក់​ថា កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំបោះឆ្នោត​ជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិទី៧ ដែលមានសមាជិក សមាជិកាជាង១០០នាក់។ ក្នុងនោះ ឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បន្តជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសមាគម និងឧកញ៉ា លី ឆេង បន្តជាប់ជាប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៦៕