អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន៤រូប រួមមាន លោកជំទាវអ្នកឧកញ៉ា សុខ សុភាព លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា និង ឧកញ៉ា សុខ បញ្ញារិទ្ធ ចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចតួកគី-កម្ពុជា ឬ TÜRKIYE BUSINESS – CAMBODIA LUNCHEON ប្រព្រឹត្តិទៅនៅទីក្រុងអ៊ីស្តានប៊ុល នៃសាធារណរដ្ឋតួកគី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

សមាគមឧកញ៉ាកម្ពុជាបានឱ្យដឹងថា កម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចតួកគី-កម្ពុជានេះ មានការអញ្ជើញចូលរួមពី សំណាក់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រី ជាន់ខ្ពស់ នៃរដ្ឋាភិបាលតួកគី ដែលមានសមាសភាពដូចជា ឯកឧត្តម Mustafa Tuzcu អនុរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម, លោក Mahir Alp ប្រធានក្រុមប្រឹក្សាធុរកិច្ចតួកគី-កម្ពុជា និងថ្នាក់ដឹកនាំក៏ដូចជាតំណាង វិស័យ ឯកជននៃប្រទេសទាំងពីរជាច្រើនរូបទៀត។
សូមបញ្ជាក់ថា កម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ច នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ ឱ្យកាន់តែស៊ីជម្រៅ ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាវិនិយោគរវាងប្រទេសទាំងពីរ តាមរយៈកិច្ចពិភាក្សានិងការ ផ្គូរផ្គង ធុរកិច្ចរបស់ធុរជននានា ដែលមានសក្តានុពលលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម និងសុខាភិបាល ជាដើម៕





