ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម មូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅតែបន្ត ដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ អាជីវកម្មក្រោយបរិបទកូវីដ១៩” ដល់សមាជិក សមាជិកា របស់ FASMEC នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងវគ្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមបើក កម្មវិធីដោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងអ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា សមាគមមូលនិធិសម្តេចតេជោ, សហគ្រិនខ្មែរ, ធនាគារ ហ្វីលីព, ធនាគារ កាណាឌីយ៉ា, ធនាគារ វីង ម.ក, ព្រមទាំងដៃគូសហការផ្សេងៗ ទៀត ដោយមានSMEចូលរួមចំនួន ២១៤នាក់ផងដែរ។
គួរបញ្ជាក់ថា គោលបំណងនៃកម្មវិធីសិក្ខាសាលាខាងលើនេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ និង ផ្សព្វផ្សាយច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជាដល់ប្រជាជន ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។
សូមជម្រាបជូនថា សមាគមមូលនិធិសម្តេចតេជោ ដើម្បី អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា(FASMEC) កន្លងមកតែងតែរៀបចំកម្មវិធីសិក្ខា សាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយ បរិបទកូវីដ-១៩» នៅតាមបណ្តាខេត្តនានា ដោយមាន ឧកញ៉ា តែ តាំងប៉ ជាប្រធានដឹកនាំកម្មវិធីផ្ទាល់។
ការរៀបចំកម្មវិធីសិក្ខាសាលាកន្លងមកនេះ គឺដើម្បី ឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មធុនតូច និងមធ្យម អាច លើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុង ស្រុក និងការនាំចេញ។លើសពីនោះ ក៏ជាការចែករំលែកខ្សែ សង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹង ផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ៕