ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា លឹម ហេង ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកឧកញ៉ា លឹម ហេង ត្រូវបានគេដឹងថាជាអ្នកជំនួញចាស់វស្សាមួយរូប នៅខេត្តឧត្តរមានជ័យ ហើយលោកជាថៅកែកាស៊ីណូ ៣កន្លែង នៅជប់គគី, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិ ជាំសាងាំ តាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ឧកញ៉ា លឹម ហេង ក៏ជាសមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ ក៏បានផ្ញើសារអបអរសាទរផងដែរ ដែលមានខ្លឹមសារដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា លឹម ហេង សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ អ្នកឧកញ៉ា លឹម ហេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕