សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា នៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ មានទីតាំងសម្រាប់់លេងកម្សាន្ដ ស្រូបខ្យល់អាកាសធម្មជាតិ និងជាគោលដៅទេសចរណ៍ ចំនួន៨ទីតាំង។

សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា ទីតាំងចំនួន៨នោះរួមមាន គោលដៅទី១ រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត ,២ រំហើយ គិរីរម្យ រីស៊ត, ៣ បឹងចំការតែ, ៤ ភូមិដំណាក់ដំរី, ៥ ទឹកធ្លាក់ឆៃយ៉ា, ៦ បឹងប៉េសេ, ៧ ឧទ្យានបោះតង់ និងទី៨ ទឹកធ្លាក់អូតាសេក ។
ក្នុងចំណោមទីតាំងចំនួន ៨ខាងលើ ដែលសម្ដេចធិបតី លើកឡើង ក៏មានរីសត ចំនួន ២ ដែលកំពុងអភិវឌ្ឍន៍យ៉ាងយកចិត្តទុកដាក់ដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស។

ទីតាំងទី១ គឺរំហើយ គិរីរម្យ រីស៊ត។ រំហើយ គិរីរម្យ រីស៊ត ជាទីកន្លែងសម្រាកលំហែកាយដ៏សែនមនោរម្យ និងស្រស់ស្អាតខ្លាំង អមទៅដោយទេសភាពស្អាតជាប់ជ្រលងភ្នំ លើកំពូលភ្នំគិរីរម្យ។ រំហើយ រីសត មានបន្ទប់ស្នាក់ជាច្រើន សម្រាប់ភ្ញៀវទេសចរ អញ្ជើញទៅកម្សាន្ត ជាក្រុមបែបមិត្តភ័ក្តិ គ្រួសារ និងមនុស្សជាទីស្រឡាញ់។

ទីតាំងទី២ គឺឧទ្យានបោះតង់ គីរីរម្យ ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដែល ហ៊ុព័ទ្ធដោយព្រៃស្រល់ដ៏ស្រស់ស្អាត។ ឧទ្យានបោះតង់ គីរីរម្យ របស់អ្នកឧកញ៉ា សួរ វីរៈ លើខ្នងភ្នំគីរីរម្យ មានប្រភេទ «ផ្ទះដើមឈើ», តំបន់បោះតង់ គយគន់ទេសភាពធម្មជាតិ ឧទ្យានជាតិជាតិគីរីរម្យ ដោយភ្ជាប់ការស្នាក់នៅជាមួយនឹងធម្មជាតិ យ៉ាងស្ងប់ស្ងាត់ គួរជាទីមនោរម្យបំផុត។
ឧទ្យានជាតិគិរីរម្យ ឬឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ មាន អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល លម្អទៅដោយដើមស្រល់ធម្មជាតិ ជ្រោះជ្រងដងអូរ និងទឹកធ្លាក់ជាច្រើនកន្លែង កំពុងសម្ងំលាក់ខ្លួន។
ឧទ្យានជាតិគិរីរម្យ ស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា និងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ៕



