ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោ ត្រង់ចំណុចព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ក្នុងតំបន់វាលស្រែ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ក្រោមគំនិតផ្តួចផ្តើមនិងដឹកនាំការសាងសង់ដោយ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល នឹងចំណាយថវិកាសរុបប្រមាណ ១៨០លានដុល្លារ។ នេះបើតាមបុគ្គលិកជាន់ខ្ពស់មួយរូប របស់ក្រុមហ៊ុន សុខា អូតែល បានបង្ហើបឱ្យដឹង។

លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន សុខា អូតែល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងបេសកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល នៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ថា រហូតមកទល់ពេលនេះ ដំណើរការឈូសឆាយផ្លូវថ្មីនេះបានបញ្ចប់រួចរាល់ជាស្ថាពរ ១០០ភាគរយហើយ នៅឡើយតែការចាក់បេតុងទើបតែសម្រេចបានប្រហែល ២.៣៥០ម៉ែត្រប៉ុណ្ណោះ ដែលយឺតជាងការរំពឹងទុក។ ភាពយឺតយ៉ាវនៃការសាងសង់នេះ បណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ដែលជះឥទ្ធិពលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់ភ្នំបូកគោ តែទោះជាយ៉ាងណាក្រុមហ៊ុននៅតែបន្តជំរុញការសាងសង់ តែមិនទាន់អាចកំណត់ពេលវេលាយ៉ាងណាមួយឱ្យពិតប្រាកដបានទេ។
តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់បន្តថា តាមការសិក្សារបស់ក្រសួងជំនាញគម្រោងសាងសង់ផ្លូវថ្មីនេះ អាចចំណាយអស់ប្រហែល ៣លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ។ ដោយសារផ្លូវមានប្រវែងសរុប ៦១ម៉ែត្រ ដូច្នេះសរុបការចំណាយ គឺអស់ថវិកាក្នុងរង្វង់ជាង ១៨០លានដុល្លារ។ ចំពោះមូលហេតុដែលត្រូវចំណាយច្រើន លោកបានបកស្រាយថា ដោយសារផ្លូវនេះ ជាប្រភេទផ្លូវថ្មីត្រូវការកាប់ឈូសឆាយដី ការចាក់ដីបំពេញបន្ថែម និងការសាងសង់ស្ពាន ពិសេសការឈូសឆាយដីភ្នំឡើងចុះ ដែលបង្កផលលំបាកច្រើន បើធៀបនឹងការធ្វើផ្លូវធម្មតា។
គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ១៥៨+២៩១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាលពីដើមឆ្នាំ២០២២ ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនួញជើងចាស់ពីររូបគឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បើកការឈូសឆាយធ្វើផ្លូវថ្មីនេះឡើង ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា ជួយលើកកម្ពស់សេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគ និងទាក់ទាញផ្នែកទេសចរណ៍៕



