ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា ញឹក ប៊ុនថា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោស​ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ញឹក ប៊ុនថា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា គឺជានាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។ ឧកញ៉ា​មហាឧបាសិកាធម្មបណ្ឌិត មានចំណេះដឹងជ្រៅជ្រះខាងវិស័យព្រះពុទ្ធសាសនា ហើយនៅកាលពីឆ្នាំ​២០០៧ គឺជាបេក្ខជន បណ្ឌិតផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា នៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

យោងតាមការចេញផ្សាយរបស់ ៥០០០ឆ្នាំស្ដីពីប្រវត្ដិរូបរបស់ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុន បានឱ្យដឹងថាឧកញ៉ា មហាឧបាសិកា ធ្លាប់បានប្រឡូកធ្វើការនៅតាមក្រសួងស្ថាប័ននានាជាច្រើន ដូចជា អនុប្រធាន ការិយាល័យគយ នៃក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៨០, ប្រធានការិយាល័យ រដ្ឋភណ្ឌគយ នៃក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៨៣, ប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយសមាគមយុវជនកម្ពុជរដ្ឋ នៅឆ្នាំ២០០១, អនុប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅឆ្នាំ២០០៥, ប្រធាន ក្រុមប្រឹក្សាភិបាលជាមួយសមាគមដូនជីកម្ពុជរដ្ឋ នៅឆ្នាំ២០០៥, ហើយនៅឆ្នាំនេះដដែល ឧកញ៉ាមហាឧបាសិកា ក៏ជាសាស្ត្រចារ្យ ឧទ្ទេសមេរៀន ផ្នែកពុទ្ធសាសនា ប្រគេនព្រះសង្ឃ នៅសាកលវិទ្យាល័យពុទ្ធិកសីហនុរាជភ្នំពេញផងដែរ, នៅឆ្នាំ២០០៦ ជាឧត្តមប្រឹក្សា សម្តេចអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា , នៅឆ្នាំ ២០០៧ ជាប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបន្ទុកផ្នែកអប់រំសីលធម៌ វប្បធម៌ខ្មែរ សន្តិភាព និងទ្រឹស្តីពុទ្ធសាសនា, នៅឆ្នាំនេះដដែល ឧកញ៉ាមហាឧបាសិកាក៏ជាសមាជិក គណៈកម្មាធិការនៃបណ្តាញអន្តរសាសនាប្រចាំអាស៊ី ប៉ាស៊ីហ្វិក និងជា ជាឯកអគ្គរាជទូតសន្តិភាព ប្រចាំអាស៊ី ប៉ាស៊ីហ្វិក, ហើយមកដល់បច្ចុប្បន្ននេះ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា គឺជានាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ជានិច្ចកាលតែងតែចូលរួមសង្គមតាមគ្រប់រូបភាពផ្សេងៗ ដូចជា ការផ្ដល់​ជូន​ជាថវិកា ហើយជារៀងរាល់ឆ្នាំគឺតែងតែចូលរួមជួយដល់កាកបាទក្រហមកម្ពុជា ម្យ៉ាងទៀតមហាឧបាសិកា ធម្មបណ្ឌិត តែងតែផ្ដល់ជាធម្មទានដល់ពុទ្ធបរិស័ទជានិច្ច ដើម្បីបានជាឱសថព្យាបាលផ្លូវចិត្ត។

ឧកញ៉ា ញ៉ឹក ប៊ុនថា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៣៕