អ្នកឧកញ៉ា ញឹក ប៊ុនថា អញ្ជើញសម្ពោធជាផ្លូវការសមិទ្ធផលធំៗចំនួន៣ តម្លៃជាង៥លានដុល្លារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា នាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅព្រឹក​ថ្ងៃទី៣០ ខែឧសភានេះ បានសម្រេចដាក់សម្ពោធសមិទ្ធផលធំៗចំនួន៣ តម្លៃជាង៥លានដុល្លារ ក្រោមអធិបតី​ភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានចំនួន៣ធំៗ ដូចជា៖ ទី១, មហាប្រាសាទ​ព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់​សិលាចារិក​ព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤,៦៥៧,៥០០ដុល្លារ, ទី២, ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកាសរុប ៧៥៧,៦៦២ដុល្លារ និងទី៣, បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦,២៥២​ដុល្លារ ដែលសរុបថវិកាសាងសង់ទាំងអស់ចំនួន ៥,៥១១,៤១៤ដុល្លារ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ​ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រ​ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋាន​ជាទីគោរព​សក្ការៈ​បូជា​ដ៏ល្អប្រណិតថ្នាក់ជាតិអន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃ​ជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សា​ស្រាវ​ជ្រាវ​ស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។

គូសបញ្ជាក់ផងដែរថា តាំងពីចាប់ផ្តើមការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាមក គឺបានចំណាយ​ថវិកាសរុប ៩,៦១៧,៦៥៣ដុល្លារ៕