លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ បានជួយឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារ និងអង្ករចំនួន ១តោន ជូនដល់ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទ នៅវត្តសុវណ្ណគិរី បរទ្បយ ស្ថិតនៅភូមិ បរឡយ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី។
លោកឧកញ៉ា បានបង្ហាញឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ “ខ្ញុំបាទ ឧកញ៉ា ចិន សំណាង បានជួយឧបត្ថម្ភដល់វត្ត និងព្រះសក់ ជាទឹកប្រាក់ចំនួន ៣០០០ដុល្លារ និង អង្ករចំនួន ១តោនជូនទៅដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅវត្តសុវណ្ណគិរី បរទ្បយ”។
តាមរយៈការបង្ហើបប្រាប់ដល់ ឧកញ៉ាញូស៍ លោកឧកញ៉ា ម្ចាស់ហាងពេជ្រ និងគ្រឿងអលង្ការ CSNJ ក៏គ្រោងចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជាង ៩មុឺនដុល្លារ បន្ថែមទៀត ដើម្បីជួយសាងសង់សាលាឆាន់ ក៏ដូចជា សមិទ្ធផលផ្សេងៗមួយចំនួនទៀត ក្នុងទីវត្តអារ៉ាមខាងលើ ក្នុងអំឡុងខែ កញ្ញា ខាងមុខនេះផងដែរ។
“ខ្ញុំឧស្សាហ៍ឡើងចុះខេត្តរតនគីរី ដើម្បីទិញដូរត្បូងរតនគីរី យកមកច្នៃធ្វើម៉ូដគ្រឿងអលង្ការជូនភ្ញៀវ គាប់ជួន ក៏ទទួលដំណឹងថា វត្តអារាម សុវណ្ណគិរី បរឡយ ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត ព្រះសង្ឃ លោកតា លោកយាយ ជួបការលំបាកខ្វះខាត ជីវភាពប្រចាំថ្ងៃខ្លាំង ខ្ញុំក៏ធ្វើដំណើរទៅដល់ផ្ទាល់ ហើយក៏មានសទ្ធាជួយជាថវិកា ៣ពាន់ដុល្លារ និងអង្ករចំនួន ១តោន សិន “។
លោកឧកញ៉ា ចិន សំណាង បញ្ជាក់បន្ថែមថា ក្រៅត្រៀមជួយសាងសង់សាលាឆាន់ជូនព្រះសង្ឃ ក្នុងខែកញ្ញា ខាងមុខនេះ លោកឧកញ៉ា ក៏មានគម្រោងថា នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាគណៈអភិបាលខេត្តរតនគិរី សិក្សាលម្អិតបន្ថែម តាមលទ្ធភាពជាក់ស្ដែង ដើម្បីឈានទៅធ្វើផ្លូវបន្ថែមមួយខ្សែទៀតជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនោះ ផងដែរ។
សូមរំឮកដែរថា លោកឧកញ៉ា ចិន សំណាង គឺជាសប្បុរសជនមួយរូបដែលតែងតាំជួយគាំទ្រ និងបរិច្ចាគធនធានជួយដល់ខេត្តរតនគិរី។ ជាក់ស្តែង កាលដើមខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ា ក៏បាននាំយកអំណោយមួយចំនួនប្រគល់ជូនលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិភាគតិច ក្នុងខេត្តរតនគិរី ផងដែរ។ ក្នុងបេសកកម្មមនុស្សធម៌ និងក្នុងនាមជា សមាជិកទ្រទ្រង់មួយរូប នៃសមាគមឧកញ៉ាកម្ពុជា ដោយមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន លោកឧកញ៉ា ចិន សំណាង តែងតែចូលរួមធនធានថវិកា និងការចុះផ្ទាល់ ជាមួយថ្នាក់ដឹកនាំសមាគម ក៏ដូចជា បានចូលរួមការងារជួយសង្គម ជាហូរហែមិនដែលខាន ជាមួយរដ្ឋាភិបាល ៕