អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍ប្រាប់ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យជំរុញធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការវិនិយោគលើវិស័យចំនួន៥នៅកម្ពុជា រួមមាន វិស័យកសិឧស្សាហកម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និងឧស្សាហកម្មពាក់ព័ន្ធនឹងបរិស្ថាននិងទឹក។

ការជំរុញរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ធីប័រ បល់ឡក (Tibor BALOGHD) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានប្រាប់ឯកអគ្គរដ្ឋទូតហុងគ្រី ពីទំនាក់ទំនងដ៏ជិតសិទ្ធរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលបានសហការរៀបចចំវិទិកាធុរកិច្ចរួមគ្នាជាច្រើនលើក និងផ្លាស់ប្តូរព័ត៌មានជំរុញកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក។ អ្នកឧកញ៉ា បញ្ជាក់ថា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។
ទន្ទឺមនឹងនេះ អ្នកឧកញ៉ាក៏បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត រាយការណ៍ជូនរដ្ឋាភិបាលហុងគ្រី ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ហុងគ្រី ដោយអ្នកឧកញ៉ា ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ជំរុញលើកទឹកចិត្ត ធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការវិនិយោគនៅកម្ពុជាលើវិស័យចំនួន៥ រួមមាន វិស័យកសិឧស្សាហកម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និងឧស្សាហកម្មពាក់ព័ន្ធនឹងបរិស្ថាននិងទឹក។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា ក្រុមហ៊ុនហុងគ្រីមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា ជាពិសេសលើវិស័យទឹក និងថាមពល។ ឯកឧត្តមកោតសរសើរ និង អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសភាពាណិជ្ជកម្មទាំងពីរ ហើយស្ថានទូតនឹងបន្តជួយគាំទ្រ សកម្មភាពធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍រួមគ្នា។ ឯកឧត្តម ស្វាគមន៍ចំពោះការរៀបចំទស្សនកិច្ចទៅកាន់ប្រទេសហុងគ្រីនាពេលអនាគត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌បន្ថែមទៀត៕
