អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានលើកឡើងថា គិតមកទល់ពេលនេះ ការវិនិយោគអភិវឌ្ឍន៍ តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) បានចំណាយទុនអស់ប្រហែលពី ៧០០ទៅ ៨០០លានដុល្លារហើយ។
ការលើកឡើងរបស់ អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងពេលជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពល នៃការអភិវឌ្ឍក្រុងបូកគោ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារហើយ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍នៅតំបន់នេះ។
អ្នកឧកញ៉ា បានបន្តថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមិនល្អ ដែលកំពុងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍនៅរមណីយដ្ឋានបូកគោទាំងមូល ជាពិសេសទៅលើគម្រោង អភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ ក៏ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើការអភិវឌ្ឍជាជំហានៗបន្តបន្ទាប់ ហើយនៅពេលសេដ្ឋកិច្ចងើបឡើងវិញ ការអភិវឌ្ឍ នឹងដំណើរការល្អឡើងវិញ។
សូមជម្រាបជូនថា អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានទទួលសិទ្ធិវិនិយោគ អភិវឌ្ឍន៍ ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ពីរាជរដ្ឋាភិបាលលើផ្ទៃដីមួយផ្នែកធំ ក្នុងរយៈពេលវែង ចាប់ពីឆ្នាំ២០០៩ ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ៕