អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍ ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក រួមមាន កាណាដា អាស៊ាន អាសិប ចិន ជប៉ុន កូរ៉េ អេមីរ៉ាត់អារ៉ាប់រួម និងទីផ្សារផ្សេងៗទៀត។
ការជំរុញលើកទឹកចិត្ដរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងនៅក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានធុរជនជាច្រើនវិស័យមកទស្សកិច្ច ដូចជា វិស័យកសិកម្ម សំណង់ វេជ្ជសាស្ត្រ ម្ហូបអាហារ ទេសចរណ៍ សណ្ឋាគារ អចលទ្រព្យ សំណង់ និង ពាណិជ្ជកម្ម។
នៅក្នុងជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង មានមតិសំណេះសំណាល និង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញបេសកកម្មធុរកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ និងបានគូបញ្ជាក់អំពីកាតព្វកិច្ចកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវចូលរួមកសាងសេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការជំរុញពាណិជ្ជកម្មនិងវិនិយោគ។
ជាមួយគ្នានោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិល ការបែកបាក់ផ្ទៃក្នុង ការផ្សះផ្សារជាតិ និង នយោបាយឈ្នះឈ្នះ ដែលនាំទៅដល់សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់ប្រទេសកាណាដា ក្នុងដំណើរសន្តិភាពនៅកម្ពុជា រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ និងការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
ឆ្លៀតនៅក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក រួមមាន កាណាដា អាស៊ាន អាសិប ចិន ជប៉ុន កូរ៉េ អេមីរ៉ាត់អារ៉ាប់រួម និងទីផ្សារផ្សេងៗទៀត។
លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចកាណាដានាពេលនេះ។
លោក ម៉ូ ខេវិន និងគណៈប្រតិភូទាំងអស់ មានសេចក្តីសោមនស្សរីករាយ និងទទួលយកមតិណែនាំរបស់ អ្នកឧកញ៉ា និងគូសបញ្ជាក់ថា នេះគឺជាពេលដែលកូនខ្មែរត្រូវរួបរួមគ្នា កសាងសេដ្ឋកិច្ច និងប្រទេសជាតិ ក៏ដូចជាបង្ហាញសក្តានុពលកម្ពុជាទៅកាន់ពិភពលោក។
ជាមួយគ្នានោះ លោក ម៉ូ ខេវិន បានលើកឡើងថា គ្រប់ពេល ដែលលោកត្រឡប់មកកម្ពុជា លោកតែងសង្កេតឃើញការប្រែប្រួលខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយបេសកកម្មធុរកិច្ចនាពេលនេះ គឺជាលើកទីមួយបន្ទាប់ពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣។
សូមជម្រាបជូនថា កាណាដា គឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតមួយរបស់កម្ពុជា ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៣ មានប្រមាណ ជាង ១.៥ ពាន់លានដុល្លារ៕