លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ សិល្បករ សិល្បការិនី រៀបចំពីធីសំណេះសំណាល ក្រោមប្រធានបទ “អ្នកស្នងមរតក” នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។


សូមជម្រាបថា កម្មវិធី “អ្នកស្នងមរតក” នេះផ្ដួចផ្ដើមបង្កើតឡើងដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនីប្រមាណ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការការពារ លើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់។
ម្យ៉ាងទៀត កម្មវិធីនេះក៏ជាមធ្យោបាយមួយ ជំរុញឱ្យសិល្បករ សិល្បការិនីទាំងអស់ មានសាមគ្គីភាពគ្នាល្អ ហើយរួបរួមកម្លាំងគ្នា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពនានានៃវិស័យសិល្បៈ និងវប្បធម៌។
អ្នកឧកញ៉ាប្រធានសមាគម បានឱ្យដឹងកាលពីដើមខែឧសភាផងដែរថា កម្មវិធីនេះរៀបចំឡើង ដើម្បីចង់ប្រមូលផ្តុំសិល្បករ-សិល្បការិនី ឱ្យមានភាពស្និទ្ធស្នាល និងអ្វីដែលសំខាន់ គឺការកៀរគររកមូលនិធិ ដើម្បីទ្រទង់សមាគម និងដើម្បីឱ្យសមាគមអាចធ្វើសកម្មភាពជាប្រយោជន៍ដល់សិល្បករជំនាន់មុនៗដែលអសមត្ថភាព ឬសិល្បករចាស់ៗដែលបានសន្សល់កេរ្តិ៍មរតកស្នាដៃ៕