ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា គួន ធីតា សមាជិកសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឧកញ៉ា គួន ធីតា ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។ លោកជំទាវឧកញ៉ា ក៏ជាសហស្ថាបនិកនៃមន្ទីរពេទ្យអរឃីត ដែលមាន ២សាខា គឺសាខាកោះពេជ្រ និងសាខាសែនសុខ ផងដែរ។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ ក៏បានផ្ញើសារអបអរសាទរផងដែរ ដែលមានខ្លឹមសារដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា គួន ធីតា សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ ជំទាវអ្នកឧកញ៉ា គួន ធីតា និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕