អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ អគ្គនាយកផលិតកម្ម Galaxy Navatra បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០លានរៀលក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ ដើម្បីចូលរួមចំណែកជួយសម្រាលទុកលំបាករបស់សិល្បករចាស់ជរា និងសកម្មភាពសង្គមរបស់សមាគមផ្សេងៗទៀត។

សមាគមសិល្បករខ្មែរ បច្ចុប្បន្នដឹកនាំដោយប្រធានថ្មីដែលទើបជាប់ឆ្នោតគឺ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានជាប់ឆ្នោត អាណត្តិទី៦ ក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមរៀបចំដោយគណៈកម្មការដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់អាណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា នឹងដឹកនាំសមាគមសិល្បករខ្មែរ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។

អ្នកឧកញ៉ា ម៉ៅ ចំណាន ធ្លាប់បានបញ្ជាក់ឱ្យដឹងថា សមាគមកំពុងរៀបចំកែសម្រួលលក្ខន្តិកៈនៃបទបញ្ជាផ្ទៃក្នុង រៀបចំផែនការជាទស្សនវិស័យ និងចក្ខុវិស័យ ដើម្បីឧត្តមភាពរបស់សិល្បៈខ្មែរ រួមទាំងវប្បធម៌ខ្មែរនៅលើឆាកជាតិ និងឆាកអន្តរជាតិ។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ាប្រធានក៏បានប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិក រួមទាំងស្វែងរកសប្បុរសជនឱ្យជួយដល់សកម្មភាពសិល្បៈ និងកិច្ចការសង្គម ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ ព្រមទាំងការកៀរគររកមូលនិធិ ដើម្បីទ្រទង់សមាគម និងដើម្បីឱ្យសមាគមអាចធ្វើសកម្មភាពជាប្រយោជន៍ដល់សិល្បករជំនាន់មុនៗដែលអសមត្ថភាព ឬសិល្បករចាស់ៗដែលបានសន្សល់កេរ្តិ៍មរតកស្នាដៃ៕




