ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ជំទាវឧកញ៉ា ជា ហាវ សមាជិកសមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោសព្រះរាជទាន​ត្រាស់បង្គាប់​ផ្តល់គោរមងារ ឧកញ៉ា ជា ហាវ សមាជិកសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» ​​នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ​​តាមសេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំទាវឧកញ៉ា ជា ហាវ ត្រូវជាភរិយារបស់ អ្នកឧកញ៉ា សុខ ឆេង សមាជិកក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ឧកញ៉ា​កម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន P P D E&C Co., Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍ​សាងសង់ភ្លើងបំភ្លឺ​សាធារណៈ, អគ្គនាយកក្រុមហ៊ុន YE Tak Group ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយ​ជីកសិកម្មដ៏ធំមួយ​នៅ​កម្ពុជាតាំងពីឆ្នាំ២០០២, ក្រុមហ៊ុន Mekong Oryza Trading Co., Ltd. ដែលជាក្រុមហ៊ុននាំអង្ករចេញទៅក្រៅ​ប្រទេស និងក្រុមហ៊ុន Longmate Agriculture Co., Ltd. ដែលជាក្រុមហ៊ុនដាំ និងនាំចេញចេកអំបូងលឿង​ទៅ​ទីផ្សារអន្តរជាតិ។

ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅល្ងាច​​ថ្ងៃ​ទី៣១ ខែឧសភា​នេះ ក៏បាន​​ផ្ញើសារ​អបអរសាទរផងដែរ ដែលមានខ្លឹមសារ​ដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃ​សមាគម​ឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា ជា ហាវ សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុង​ឱកាស​ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់បង្គាប់​ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ ជំទាវអ្នកឧកញ៉ា ជា ហាវ និងអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕