លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូប ចូលរួមពិធី “អ្នកស្នងមរតក” រៀបចំដោយសមាគមសិល្បករខ្មែរ

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូប បានអញ្ជើញចូលរួមពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី” ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីដ៏ធំដែលមានសិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាង ២០០០នាក់អញ្ជើញចូលរួមនេះ គេឃើញមានវត្តមាន អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ជាម្ចាស់រៀបចំកម្មវិធី រួមទាំងកូនប្រុស ឧកញ៉ា គិត សូឡា។ លើសពីនេះរួមមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ទ្រី ភាព និងភរិយា អ្នកឧកញ៉ា គៀន ស្រីនាង, អ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ា ឡេង ប្រុស, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា កុក អាន, អ្នកឧកញ៉ា ទី ពិសិដ្ឋ, អ្នកឧកញ៉ា លឹម ហេង, ឧកញ៉ា តែ តាំងប៉, ឧកញ៉ា ខេមរៈ សិរីមន្ត ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា និងអ្នកជំនួញជាច្រើនរូបទៀត។

សម្តេចធិបតី បានឲ្យដឹងថា «អ្នកស្នងមរតក» គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈ និងគឺជាការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បងគ្រប់ជំនាន់ ហើយក៏ជាសក្ខីភាពនៃការចាប់ផ្តើមនូវការកសាងធនធានសិល្បករជំនាន់ថ្មី ពីព្រឹទ្ធសិល្បករដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាពជានិច្ចនិរន្តន៍។

ប្រទេសជាតិកម្ពុជា បានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលមិនត្រឹមតែមិនមាន ឱកាសកសាងធនធានសិល្បករប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបាត់បង់សិល្បករល្បីៗ អ្នកនិពន្ធ អ្នកសម្ដែង និង អ្នកចម្រៀង ដែលអ្នកទាំងនោះត្រូវផ្ទេរចំណេះ ជំនាញ និងទេពកោសល្យ ដល់សិល្បករជំនាន់ក្រោយ។ កម្មវិធីអ្នកស្នង មរតកនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការគិតគូរ ដោយផ្តោតលើការរក្សាចាស់ បង្កើតថ្មី និង អភិវឌ្ឍន៍ថ្មី។

ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការបន្តគោលនយោបាយ សម្រាប់កិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាឱកាសថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាល ចំពោះមរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរ:សិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកការពារ និងលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបានរីកចម្រើនគង់វង្សរហូតមក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់សិល្បករ សិល្បការិនីគ្រប់ទម្រង់ គឺជាដែលផ្តល់នូវគំរូនៃការប្រតិបត្តិប្រពៃណី ថែរក្សាវប្បធម៌ដ៏ផូផង់ ជាអ្នកផ្តល់ការបណ្តុះបណ្តាល ផ្តល់ខ្លឹសារអប់រំ ជួយពង្រីកសកម្មភាពវិជ្ជមាន បង្កើនការយល់ដឹង ហើយរួមគ្នាក្នុងការផ្សាយអំពីកម្ពុជារបស់យើង៕