អ្នកឧកញ៉ា ម៉ៅ ចំណាន សមាគមសិល្បករខ្មែរ បានដាក់ចេញផែនការសកម្មភាពអាទិភាពចំនួន ៥ចំណុច សម្រាប់អាណត្តិទី៦នេះ ដើម្បីអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ ក៏ដូចជាលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម បានបញ្ជាក់ឱ្យដឹងក្នុងពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី” កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ថាសមាគមបានដាក់ចេញផែនការសកម្មភាពអាទិភាពចំនួន ៥ចំណុចមានដូចខាងក្រោម៖
ទី១៖ លើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយស សក្តិសមជាសិល្បករ តំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកសិល្បករដែលពួកគាត់ជាកម្លាំងស្នូល។
ទី២៖ កៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសក្នុងការជួយដល់ការលើកស្ទួយ សិល្បៈវប្បធម៌ ជាពិសេសស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដែលរក្សាខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិ ឈានឆ្ពោះទៅរកការគាំទ្រនូវឆាកអន្តរជាតិ។
ទី៣៖ ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុងគោលបំណងផ្តល់ឱកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង ដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ និងទេសចរណ៍ និងការអប់រំសីលធម៌សង្គមឱ្យបានកាន់តែប្រសើរ និងអាចចែករំលែកដល់ការគាំពារជួយ ទ្រទ្រង់សិល្បករចាស់ជរា និងអ្នកបាត់បង់សមត្ថភាព។
ទី៤៖ បញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្តូរ វប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងប្លុកអាស៊ាន និងតំបន់ដទៃទៀតក្នុងពិភពលោក។
ទី៥៖ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាល មានដូចជា កាកបាទក្រហម សភាពសហព័ន្ធយុវវជនកម្ពុជា សមាគមកាយឫទ្ធិកម្ពុជា សមាគមពេទ្យស្ម័គ្រចិត្ត ធីតា ជាដើម។
ដើម្បីសម្រេចបាននូវផែនការសកម្មភាពនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីពិចារណានូវការអនុគ្រោះការបង់ពន្ធមួយរយៈ ចំពោះវណ្ណកម្មទាំងឡាយ ដែលត្រូវបង្កើតឡើងដោយសមាគមសិល្បករខ្មែរ ដើម្បីធានានិរន្តរភាពសមាគម ឱ្យមានលទ្ធភាពបង្កើតសកម្មភាពនានា ក្នុងការលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ។ ជាមួយគ្នានេះ សមាគសិល្បករខ្មែរ ក៏បានគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឯកភាពជាគោលការណ៍តាមសំណើររបស់ប្រធានសមាគមសិល្បករខ្មែរ៕