អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge កាលពីចុងខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំដំណើរទស្សនកិច្ច ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងសមាជិកនៃស្ថានទូត នៃប្រទេសជាច្រើន អញ្ជើញចុះទស្សនកិច្ច នៅលំនៅឋានតម្លៃសរម្យទីក្រុងរណបសិរីមង្គល និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge Supply Chain។
ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន WorldBridge Group ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅកម្ពុជា តាមរយៈក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ដ៏ពោរពេញដោយសក្ដានុពល រួមមានបណ្ដុំសហគ្រាសធុនតូច និងមធ្យម WorldBridge (WBID), លំនៅឋានតម្លៃសរម្យទីក្រុងរណបសិរីមង្គល និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge Supply Chain ជាដើម។
អ្នកឧកញ៉ា សៀ ឫទ្ធី បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការបង្ហាញពីការអភិវឌ្ឍរបស់យើងដល់សហគមន៍ការទូត។ គម្រោងទាំងនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើង ក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទាំងអស់”។
ក្នុងដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមបានមើលឃើញជាក់ស្ដែង អំពីការរួមចំណែករបស់ WorldBridgeWGroup ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
សូមជម្រាបថា WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រអាជីវកម្មចម្រុះ រួមមានអចលនទ្រព្យ សំណង់ ភស្តុភារ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូលនៅក្នុងប្រទេសកម្ពុជា៕