លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ដែលជាទូទៅគេដឹងថាជាសេដ្ឋីចិត្តបុណ្យចូលចិត្តជួយអ្នកក្រីក្រនោះ ថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ជាមួយតម្រុយថា លោកជំទាវឧកញ៉ាបណ្ឌិត បានហក់ចូលការសម្ដែងក្នុងរឿងមួយ។
ដំណឹងនេះ ត្រូវបានលេចឡើង ក្រោយពីគេបានឃើញរូបភាពលោកជំទាវ ស្លៀកឈុតអប្សរាយ៉ាងកម្រប៉ុន្មានសន្លឹកត្រូវបង្ហោះដោយម្ចាស់គណនីឈ្មោះ Hak Nay ដែលគេដឹងថាជាជំទាវឧកញ៉ាមួយរូបដែរ។ តាមព័ត៌មានដែល Oknha.news ទទួលបាន រូបភាពនេះ គឺជាការសម្ដែងក្នុងខ្សែភាពយន្តមួយរឿង។ ប៉ុន្តែមិនទាន់ដឹងថាចំណងជើងអ្វីនៅឡើយ។
“លោកជំទាវគាត់ថតរឿង តែខ្ញុំអត់ដឹងថា រឿងអីទេ តែរូបនេះថតយូរដែរហើយ គឺខ្ទង់ឆ្នាំមុននេះឯង។ តាមដឹងរឿងនេះ គឺនិយាយពីខ្សែជីវិតតស៊ូរបស់គាត់តែម្ដង”។ ប្រភពថ្លែង។ ជាមួយគ្នានេះ គេឃើញអ្នកស្រឡាញ់ចូលចិត្តលោកជំទាវ សៀង ចាន់ហេង ក៏បានចូលមក Comment សួរដែរថា រឿងដែលលោកជំទាវចូលរួមថតនេះ ជារឿងអ្វី? ប៉ុន្តែគេមិនទាន់ឃើញ លោកជំទាវ ម្ចាស់គណនីខាងលើឆ្លើយតបនៅឡើយ។
លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ត្រូវបានមហាជនទូទៅបានស្គាល់ថាជាសេដ្ឋិនីចិត្តបុណ្យមួយរូប ដែលជារឿយៗគេឃើញលោកជំទាវចូលរួមការងារសង្គម និងសប្បុរសមិនដាច់។ ថ្មីៗនេះ លោក ជំទាវ ក៏ទើបនឹងបរិច្ចាគថវិកាផ្ទាល់ខ្លួន ១០០លានរៀល ចំនួន២លើក ស្មើនឹង ២០០លានរៀល ជួយ ក្រុមការងារជួយសង្គ្រោះក្នុងហេតុការដួលរលំអគារក្នុងខេត្តព្រះសីហនុប៉ុន្មានថ្ងៃមុននេះ។ ក្រៅពីប្រើប្រាស់កញ្ចប់ថវិកាផ្ទាល់ខ្លួន លោក ជំទាវ នៅបានចេញមុខកៀរគរប្រមែប្រមូលថវិកាពីសប្បុរសជននានា ជួយដល់អ្នករងគ្រោះ និងក្រុមការងារជួយសង្គ្រោះថែមទៀតផង៕