អ្នកឧកញ៉ា២រូប មានឈ្មោះ លឹម ហេង ដូចគ្នា ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» រំលងគ្នារយៈពេលមិនដល់មួយឆ្នាំ។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ដល់ ឧកញ៉ា លឹម ហេង ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៧។ អ្នកឧកញ៉ា លឹម ហេង ត្រូវបានគេស្គាល់ថាជាពាណិជ្ជករម្នាក់ដែលប្រកបមុខជំនួញក្នុងវិស័យកសិកម្មដ៏ជោគជ័យមួយរូបក្នុងប្រទេសកម្ពុជា ហើយលោកជាបុគ្គលដែលមានភាពស្និទស្នាលជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ បច្ចុប្បន្ន អ្នកឧកញ៉ា លឹម ហេង កំពុងកាន់តួនាទីជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនអាណត្តិមកហើយ។


រីឯអ្នកឧកញ៉ាមួយរូបទៀត មានឈ្មោះ លឹម ហេង ដូចគ្នា ទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៦៧។ អ្នកឧកញ៉ា ត្រូវបានគេដឹងថាជាអ្នកជំនួញចាស់វស្សាមួយរូប នៅតាមច្រកទ្វារអន្តរជាតិ ព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ។ អ្នកឧកញ៉ា ជាសមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា។


សូមជម្រាបថា គោរមងារឧកញ៉ា គឺជាងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា នៅកម្ពុជាបច្ចុប្បន្ន មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕