អ្នកឧកញ៉ា សួរ វីរៈ បង្ហាញហេតុផល៦យ៉ាង ធ្វើឱ្យក្រុមហ៊ុនវិរៈប៊ុនថាំក្លាយជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានបង្ហាញហេតុផលចំនួន៦យ៉ាង ដែលធ្វើឱ្យ​ក្រុមហ៊ុន​របស់អ្នកឧកញ៉ា ក្លាយជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ​ថា​ កាលពី​១៨ឆ្នាំមុន វិរៈប៊ុនថាំ គឺជាក្រុមហ៊ុនដំបូងគេបង្អស់ និងតែមួយគត់ដែលបានបញ្ជូនរថយន្ដក្រុងធម្មតា កែច្នៃ​ទៅជារថយន្ដក្រុងមានគ្រែគេងនៅប្រទេសថៃ ហើយអ្នកឧកញ៉ា ក៏បានបន្ដអភិវឌ្ឍន៍គុណភាពរថយន្ដ​ដោយខ្លួនឯងនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា បានបន្ដថា មកទល់ពេលនេះ រថយន្ដក្រុងដែលមានគ្រែគេង បានរីកសុះសាយពេញប្រទេសកម្ពុជា ហើយបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ។

ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកឧកញ៉ា បានបង្ហាញហេតុផលចំនួន៦យ៉ាង ក្នុងចំណោមហេតុផល​ជាច្រើនដែលវីរៈប៊ុនថាំ តែងតែឈានមុខគេរាល់អាជីវកម្មដែលក្រុមហ៊ុនមាន។ អ្នកឧកញ៉ា បានបង្ហាញថា ហេតុផលទី១ នៅគឺ ក្រុមហ៊ុនតែងតែធ្វើអ្វីដែលអ្នកដទៃគិតមិនដល់ ឬគិតដល់តែមិនហ៊ានធ្វើ, ២. មិនធ្វើ​អាជីវកម្ម​ចំលងពីអ្នកដទៃ, ៣. ធ្វើអ្វីដែលថ្មី ហើយជាតម្រូវការចាំបាច់ក្នុងរយៈពេលយូរ, ៤. ហ៊ានប្រថុយប្រថាន​ខ្ពស់ តែច្បាស់លាស់ក្នុងអាជីវកម្ម, ៥. តែងតែជឿរជាក់ថាគ្រប់យ៉ាងថាក្រុមហ៊ុន​អាចធ្វើបាន ដរាបណាក្រុមហ៊ុន​ធ្វើការជា​ក្រុម ហើយមានការលះបង់ខ្ពស់ដើម្បីសម្រេចគោលដៅថ្មីៗ, ៦. ក្រុមហ៊ុនតែងតែយកចិត្ត និងយក​បេះដូង​មកធ្វើជាភាសាអាជីវកម្ម។

ទន្ទឹមនឹងលទ្ធផលជាទីពេញចិត្ដនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បានថ្លែងអំណរគុណដល់គ្រួសារវិរៈប៊ុនថាំទាំងអស់ ដែលបានលះបង់ ដើម្បីក្រុមហ៊ុនរហូតមកដល់ថ្ងៃនេះ។

សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) ,ឧទ្យាន​បោះតង់​គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕